(ភ្នំពេញ)៖ ប្រាសាទតាមាន់ធំ គឺស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ នៅជាប់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ហើយមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ។
ថ្ងៃនេះ Fresh News សូមបង្ហាញពីប្រាសាទតាមាន់ធំ ដែលសាងសង់ឡើងដោយអតីតស្តេចខ្មែរ ព្រះបាទសូរ្យវរ្ម័នទី១ ដែលនៅតែមានការគោរពបូជាជឿជាក់ឥតដាច់ ពីសំណាក់ប្រជាជនក្នុងតំបន់ និងប្រជាជនក្នុងតំបន់ផ្សេងៗ ដោយស្រង់ប្រភពពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ៖
ប្រាសាទតាមាន់ធំ ជាប្រាសាទដែលមានទំហំធំជាងគេក្នុងចំណោមប្រាសាទដែលនៅជុំវិញនោះ មានដូចជា ប្រាសាទចាន, ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់,ប្រាសាទលាក់ និងប្រាសាទដៃកី។ ប្រាសាទនេះមមានប្រាង្គសំខាន់ចំនួនបី និងបណ្ណាល័យចំនួនពីរ មានថែរព័ទ្ធជុំវិញ ធ្វើពីថ្មភក់ និងថ្មបាយក្រៀម ហើយប្រាង្គសំខាន់បែរមុខទៅទិសខាងត្បូង មានល្បាក់ និងជណ្តើរថ្មបាយក្រៀមរៀបជាថ្នាក់ៗ។ ប្រាសាទតាមាន់ធំតាមរយៈរឿងព្រេងដែលនិទានតៗគ្នាដោយចាស់ៗ ដែលរស់នៅក្នុងតំបន់នោះឲ្យដឹងថា ប្រាសាទនេះពីដើមមានឈ្មោះថា «ប្រាសាទតាមទាន់» តែក្រោយមកក្លាយទៅជាប្រាសាទតាមាន់ ឬ ប្រាសាទតាមាន់ធំ។
តែបើយោងតាមរយៈសិលាចារឹកដែលរកឃើញក្នុងប្រាសាទនេះបានបញ្ជាក់ឈ្មោះដើមប្រាសាទនេះថា «សិវបាទបស្ចិម» ដែលមានន័យថាបាទជើងព្រះសិវ ទិសខាងលិច។ តាមរយៈនៃការធ្វើកំណាយរបស់អ្នកស្រាវជ្រាវមកពីក្រុមសិល្បៈករ (សៀម) គេបានរកឃើញសិលាចារឹកជាច្រើនផ្ទាំង និងបុរាណវត្ថុជាច្រើនទៀត ហើយបុរាណវត្ថុទាំងនោះគេបានប្រមូលយកទុករក្សានៅក្នុងឃ្លាំង និងតាំងបង្ហាញក្នុងសារមន្ទីរខេត្តសុរិន្ទ្រ។
ប្រាសាទតាមាន់ធំតាមសិក្សាលើក្បាច់តុបតែងលម្អ និងសិក្សាទៅការរៀបចំប្លង់ ក៏ដូចជាផ្នែកលើសិលាចារឹកជាភស្តុតាង អ្នកស្រាវជ្រាវបានកំណត់ថា ប្រាសាទតាមាន់ធំ ជាប្រាសាទដ៏ចំណាស់ដែលសាងឡើងនៅសម័យអង្គរតាមបែបសិល្បៈរចនាបថឃ្លាំង និងបាពួន កំឡុងសតវត្សទី១១ រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស. ១០០២ - ១០៥០) ហើយក៏មានការកសាងបន្ថែមក្នុងរជ្ជកាល ព្រះបាទឧទ័យាទិត្យវរ្ម័នទី២ គ.ស (១០៥០-១០៦៦)។
តាមរយៈការសិក្សាលើសិលាចារឹក និងបុរាណវត្ថុនានាដែលរកឃើញនៅប្រាសាទ យើងយល់បានថាទីនេះជាទេវស្ថានមួយដ៏សំខាន់ ដែលគោរពជឿទៅលើព្រាហ្មណ៍សាសនាបែប និកាយព្រះសិវ ដែលជាទេពមួយដ៏ធំជាងគេក្នុងចំណោមទេពផ្សេងៗ ក្នុងព្រាហ្មណ៍សាសនា ហើយទីនេះក៏ជាកន្លែងដ៏ពិសិដ្ឋ មួយដែលស្ថិតនៅតាមក្បែរផ្លូវបុរាណចេញពីក្រុងអង្គរទៅកាន់ប្រាសាទភិម័យ បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ។
បច្ចុប្បន្នប្រាសាទតាមាន់ធំ នៅតែមានការគោរពបូជាពីសំណាក់ប្រជាជនរស់នៅក្នុងតំបន់និងប្រជាជន ដែលរស់នៅក្នុងតំបន់ផ្សេងៗទៀត។ ជាក់ស្តែង ដូចជានៅពេលថ្ងៃបុណ្យជាតិម្តងៗ គេតែងសង្កេតឃើញប្រជាជនជាច្រើន បានមកកាន់កន្លែងនេះ ដើម្បីគោរពបូជានិងថ្វាយផ្កាភ្ញីផ្សេងៗ ដល់ទេវសាសនស្ថានមួយនេះហើយក្នុងនោះដែរ ក៏មានការធ្វើពិធីថ្វាយភ្លេងជារៀងរាល់ឆ្នាំផងដែរ ពីសំណាក់ប្រជាជនបងប្អូនយើង ក៏ដូចជាបងប្អូនខាងខ្មែរសុរិន្ទ្រ ក៏ដូចជាប្រជាជនថៃ ដែលនេះសបញ្ជាក់ឲ្យឃើញថា ទេវស្ថានប្រាសាទតាមាន់ធំ នេះនៅតែមានការគោរពបូជាជឿជាក់ឥតដាច់ពីសំណាក់ប្រជាជនក្នុងតំបន់ និងប្រជាជនក្នុងតំបន់ផ្សេងៗទៀត។ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏មកទស្សនាប្រាសាទនេះឥតដាច់ផងដែរ៕