(ភ្នំពេញ)៖ ពាក្យឈឺចាប់មួយឃ្លាដែលមានទំងន់ជាងគេរបស់លោក តាំង សារ៉ាដា គឺ «សុខចិត្តក្រជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់» ត្រូវបានបង្ហាញនៅលើបណ្តាញទំនាក់ទំនង Facebook របស់លោកក្នុងចំណោមពាក្យឈឺចាប់ជាច្រើនទៀត មុនពេលលោកសម្រេចប្រកាសលាឈប់ពីវិទ្យុអាស៊ីសេរី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ។
លោ តាំង សារ៉ាដា បុគ្គលិកសំខាន់មួយរូបរបស់វិទ្យុអាស៊ីសេរី ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅវេលាយប់ជ្រៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) ឲ្យដឹងថា លោកបានសម្រេចប្រកាសលាឈប់ចេញពីបុគ្គលិករបស់អាស៊ីសេរីហើយ នៅថ្ងៃទី០៩ ខែតុលានេះតែម្តង បន្ទាប់ពីបំពេញការងារនៅវិទ្យុនេះអស់ជាច្រើនឆ្នាំ។
លោក សារ៉ាដា បានថ្លែងថា មិនទាន់មានបំណងទៅធ្វើការនៅកន្លែងណានៅឡើយទេ ចង់សម្រាកខួរក្បាលបន្តិច។ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ លោកបានបង្ហោះសារថា «ចាប់ពីពេលនេះតទៅខ្ញុំលែងជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីតទៅទៀតហើយ»។
នៅក្នុងចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ លោក តាំង សារ៉ាដា បានបង្ហោះពាក្យឈឺចាប់ជាច្រើនឃ្លាថា ក្នុងនោះមានពាក្យមួយឃ្លាដែលត្រូវបានលោកអះអាងថា មានទំងន់ជាងគេគឺ «សុខចិត្តក្រជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់»។ ក្រៅពីនោះនៅមានពាក្យជាច្រើនទៀត ដូចជាពាក្យ «ជំងឺរបស់មេដឹកនាំផ្តាច់ការ មានស្ថានស្រដៀងៗគ្នា» និងពាក្យ «ទ្រីស្តីនៃការតស៊ូទាំងឡាយភាគច្រើនកើតចេញពីការឈឺចាប់និងភាពរងគ្រោះ» ព្រមទាំងពាក្យ «ពេលដែលក្តាន់នៅក្នុងហ្វូងខ្លា សូម្បីគោព្រៃក៏មិនហ៊ានទៅជួយដែរ រីឯទន្សាយក៏បិទភ្នែកហើយ ខ្ទប់មាត់មិនហ៊ានក្អកថែមទៀត»។
តាមរយៈការបង្ហាញពាក្យឈឺចាប់ និងឈានដល់ប្រកាសដើរចេញពីវិទ្យុអាស៊ីសេរីបែបនេះ ត្រូវបានមហាជន និងអ្នកវិភាគយល់យ៉ាងច្បាស់ថា វិទ្យុអាស៊ីសេរី (RFA) ដែលជា កម្មសិទ្ធផ្តាច់មុខរបស់សហរដ្ឋអាមេរិកមួយនេះ មានមេដឹកនាំប្រតិបត្តិការងារបែបផ្តាច់ការ គៀបសង្កត់ មិនផ្តល់សេរីភាពនៃការសរសេរព័ត៌មាន មិនផ្តល់សេរីភាពនៃការបញ្ចេញមតិ។ល។
សូមជំរាបថា វិទ្យុអាស៊ីសេរីនៅពេលនេះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលធ្លាប់មានប្រវត្តិបន្លំខ្លួនចូលពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដោយបានបន្លំខ្លួនជាជំនួយការរបស់អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។ បន្ទាប់ពីក្លែងខ្លួនចូលពន្ធនាគារដោយខុសច្បាប់ លោក ជុន ច័ន្ទបុត្រ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូលខ្លួនក្នុងនាមជនសង្ស័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែលោកបានរត់គេចចេញពី សំណាញ់ច្បាប់របស់ប្រទេសកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក ទីដែលរូបលោកធ្វើការនៅទីនោះរហូតដល់បច្ចុប្បន្ននេះ៕