(សៀមរាប)៖ សមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) សហការជាមួយគណៈមេធាវីនៃកម្ពុជា និងគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា បានប្រារព្ធធ្វើសន្និសីទលើកទី៣១របស់ខ្លួន ក្រោមអធីបតីភាពលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងសន្និសីទនេះ ក៏មានការចូលរួមពី លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យកាអមសាលាឧទ្ធរណ៍ តំណាងប្រធានតុលាការកំពូល, តំណាងអង្គភាពប្រឆាំងអំពើពុកលួយ, លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃកម្ពុជា, លោក គ្រីស្តូហ្វើ លុង ប្រធានសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA), លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីនៃកម្ពុជា ជាអ្នកសម្របសម្រួលការងារ។
លោក គ្រីស្តូហ្វើ លុង ប្រធានសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) បានរាយការណ៍ដោយសង្ខេប ពីសកម្មភាពការងាររបស់សមាគមច្បាប់ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) និងបានលើកឡើងថា ការសម្រេចយកកម្ពុជាជាម្ចាស់ផ្ទះ នៃការរៀបចំសន្និសិទលើកទី៣១នេះ ក៏ដោយសារកម្ពុជា មានសុខសន្តិភាព និងសុវត្ថភាពពេញលេញ ជាពិសេសកម្ពុជាជាគោលដៅ ទាក់ទាញអ្នកវិនិយោគពីគ្រប់មជ្ឈដ្ឋាន។
លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃកម្ពុជា និងជាប្រធានសមាគមច្បាប់អាស៊ាន កម្ពុជា បានគូសបញ្ជាក់ថា សន្និសិទលើកទី៣១ របស់សមាគមច្បាប់ សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA) នេះ អាចប្រព្រឹត្តិទៅបាន គឺដោយសារមានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយជាប្រវត្តិសាស្រ្តហើយដែលកម្ពុជា ត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និសិទនេះ។
ថ្លែងក្នុងឱកាសនោះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងទៅកាន់អង្គសន្និសីទថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ដែលមានកំណើនសេដ្ឋកិច្ច ជាង៧% រយៈពេល៣ឆ្នាំបន្តបន្ទាប់គ្នា ដែលនេះកើតចេញពីស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម និងសន្តិសុខគតិយុត្តិ ដែលកម្ពុជាកំពុងមាន។
រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលទើបតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ ក្នុងការបោះឆ្នោតជាសាកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ បាននិងកំពុងខិតខំជំរុញបន្ថែមទៀត នូវក្របខណ្ឌច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច ការវិនិយោគក្នុងប្រទេស ការការពាសិទ្ធិមនុស្ស ការការពារបរិស្ថាន ការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាដីធ្លី ជាពិសេសពង្រឹងយន្តការពាណិជ្ជកម្ម អន្តរប្រទេស និងការខិតខំធ្វើឲ្យមានសុខដុមនីយកម្មនៃច្បាប់ក្នុងក្របខណ្ឌតំបន់ និងសាកលលោក។
សូមបញ្ជាក់ថា សន្និសីទលើកទី៣១ នៃសមាគមច្បាប់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (LAWASIA)នេះ ប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលអង្គភូគីត្រាអង្គ ខេត្តសៀមរាប ដែលមានអ្នកច្បាប់អន្តរជាតិចូលរួមប្រមាណជាង៥០០នាក់។
សន្និសិទលើកទី៣១នេះ នឹងលើកយកប្រធានបទមួយចំនួនមកពិភាក្សា ដូចជា បញ្ហាសេដ្ឋកិច្ច ការវិនិយោគក្នុងប្រទេស ការការពាសិទ្ធិមនុស្ស ការកាពារបរិស្ថាន ការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាដីធ្លី ជាពិសេស ពង្រឹងយន្តការពាណិជ្ជកម្មអន្តរប្រទេស និងការខិតខំធ្វើឲ្យមានសុខដុមនីយកម្មនៃច្បាប់ក្នុងក្របខណ្ឌតំបន់ និងសាកលលោក៕