(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅវេលាម៉ោងប្រមាណ ១២៖១០នាទីយប់ចូលថ្ងៃទី០៣ ខែតុលានេះមានករណី យុវជនម្នាក់ទំនងជាកូនអ្នកមានអំណាច បើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ផ្លាកលេខ 2-1267 ជាស្លាកលេខនគរបាល បើកបានបុកបុរស២នាក់ជិះម៉ូតូផ្លោងជិត៥០ម៉ែត្រ បណ្តាលឲ្យបុរសដែលជិះម៉ូតូពីរនាក់រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៌បានកើតឡើង ម៉ោង១២៖១០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ 169 ស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញរថយន្ត Lexus IS 250 ពណ៌សពាក់ស្លាកលេខនគរបាល 2-1267 បើកដោយយុវជនស្រវឹងម្នាក់(កូនអ្នកមានអំណាច) ក្នងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវ កម្ពុជាក្រោម លុះបើកមកដល់ត្រង់ផ្លូវបែកជាបួនក៏មានម៉ូតូម៉ាក Yamaha FZ ពណ៌ក្រហមដែលជិះដោយបុរសពីរនាក់ក្នុងទិសដៅពីជើង ទៅត្បូងមកដល់ដែរ ក៏ធ្វើឲ្យរថយន្តបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិតផងដែរ។
បន្ទាប់ពីបុកហើយអ្នកបើករថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗផងដែរ បន្ទាប់ពីឃាត់ខ្លួនបានហើយទាំងម៉ូតូនិងរថយន្តត្រូវបាន ខាងមន្រ្តីជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុកនៅការរិយាល័យចរាចរណ៌ក្រុង ដើម្បីធ្វើការសងសំណងទៅឲ្យយខាងភាគីរងគ្រោះ៕