(ភ្នំពេញ)៖ កងទ័ពជើងគោកកម្ពុជា ៤១នាក់ទៀតហើយ បានទទួលនូវចំណេះជំនាញ បាំង-ប្រែសារទូរលេខសម្ងាត់ ដោយម៉ាស៊ីនបំភ័ន្តអក្ខៈស្វ័យប្រវត្តិ បន្ទាប់ពីទទួលបានការហ្វឹកហ្វឺន ពីគ្រូជំនាញ អស់រយៈពេលប្រមាណ ៦ខែ។ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា ជំនាញបាំង-ប្រែសារទូរលេខសម្ងាត់ គឺជាជំនាញ ដ៏ចាំបាច់ក្នុងវិស័យយោធា ហើយគ្រប់អង្គភាពត្រូវតែចេះ ដើម្បីលាក់ការណ៍សម្ងាត់ពីខ្មាំងសត្រូវ នៅលើសមរភូមិ។
ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឯកទេស បាំង-ប្រែសារទូរលេខ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ឆ្នាំ២០១៥ របស់ការិយាល័យ បំភ័ន្តអក្ខរៈកងទ័ពជើងគោក ត្រូវបានប្រារព្ធឡើង នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពឧត្តមសេនីយ៍ មាស សុភា និងមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនរូបផ្សេងទៀត។
ឧត្តមសេនីយ៍ទោ អ៊ុក សំអាត នាយរងសេនាធិការ និងជានាយការិយាល័យបំភ័ន្តអក្ខរៈ កងទ័ពជើងគោកបានឲ្យដឹងថា ចាប់ពីទសវត្សរ៍ឆ្នាំ៨០ មុនពេលបង្កើតស្នងការ «ស ៥៨០» មកដល់បច្ចុប្បន្នការងារបំភ័ន្តអក្ខរៈទូទាំងកង យោធពលខេមរភូមិន្ទ និយាយដោយឡែកកងទ័ពជើងគោក មានការវិវឌ្ឍឈានពីបច្ចេកទេសសាមញ្ញ ឈានឡើងដល់ទំនើបកម្ម។
វរៈសេនីយ៍ទោ ឈុន វុឌ្ឍនី នាយផ្នែកហ្វឹកហ្វឺនការិយាល័យបំភ័ន្តអក្ខរៈ បានឲ្យដឹងថា វគ្គហ្វឹនហ្វឺនជំនាញឯកទេស បាំង-ប្រែសារទូរលេខ ដោយម៉ាស៊ីនស្វ័យប្រវត្តិនេះ មានរយៈពេល៦ខែ ចាប់ពីថ្ងៃទី០៦ ខែមីនា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ មានសិក្ខាកាម៤១នាក់ គ្រូ៥នាក់ និងគណៈគ្រប់គ្រងវគ្គ ៤នាក់។
មុខវិជ្ជាដែលយកមក បណ្តុះបណ្តាលនេះរួមមាន៖ លំហាត់របៀប, អប់រំចិត្តសាស្រ្ត, Computer ជំនាញឯកទេសបាំង-ប្រែបំភ័ន្តអក្ខរៈ សារទូរលេខសម្ងាត់ ដោយម៉ាស៊ីនស្វ័យប្រវត្តិ មានទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង។
នាយឧត្តមសេនីយ៍ មាស សុភា បានសម្តែងការកោតសរសើរ ចំពោះកិច្ចសហការល្អ របស់ការិយាល័យបំភ័ន្តអក្ខរៈ ជាមួយទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការការិយាល័យស្ថាប័ន ពាក់ព័ន្ធក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក ធ្វើឲ្យវត្តនេះ បានដំណើរការដល់ទីបញ្ចប់ ប្រកបដោយជោគជ័យ ។
លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការងារបំភ័ន្តអក្ខរៈ ទាំងក្នុងពេលសង្រ្គាម និងពេលសន្តិភាព គឺមានសារៈសំខាន់ណាស់ គ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធ ត្រូវតែរៀនសូត្រចេះរបៀបប្រើប្រាស់បាំង-សារទូរលេខសម្ងាត់ ក្នុងន័យលាក់ការណ៍សម្ងាត់ ជៀសផុតពីការតាមដាន របស់ខ្មាំងសត្រូវ។
នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវខិតខំស្រាវជ្រាវឯកសារថ្មីៗ ដែលមានលក្ខណៈវិទ្យាសាស្រ្ត ដើម្បីពង្រីកសមត្ថភាពផ្ទាល់ខ្លួន ជួយបង្រៀនដល់មិត្តរួមអង្គភាព បានយល់ដឹងទាំងអស់គ្នា។ ត្រូវបន្តកសាងអភិវឌ្ឍន៍ជំនាញ បំភ័ន្តអក្ខរៈ ទំនើបបម្រើឲ្យការងារដឹកនាំបញ្ជា របស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ មានប្រសិទ្ធភាពខ្ពស់ ហើយត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕