(ភ្នំពេញ)៖ ទូរស័ព្ទដៃជាង ៤០០០គ្រឿងអត់បង់ពន្ធ ត្រូវបានកម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ សហការជាមួយកម្លាំងអាវុធហត្ថក្រុងភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលពីសំណាក់ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ មាស ច័ន្ទពិសិដ្ឋ ចាប់បានឃាត់ទុក នៅចំណុចហាងលក់ទូរស័ព្ទ នីកា និងហាងឈ្មោះ New Phone ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ការចុះបង្ក្រាបទីតាំងលក់ទូរស័ព្ទអត់ពន្ធខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ។

ទំនិញទូរស័ព្ទអត់បង់ពន្ធជាង ៤០០០គ្រឿងនេះមាន ជាប្រភេទរបស់ចិន ចំនួនជាង២០០០គ្រឿង និងជាង២០០០គ្រឿងទៀតជាប្រភេទ iPhone, Samsung, iPad...។ល។

មន្រ្តីគយចល័តបានបញ្ជាក់ថា ទូរស័ព្ទជាង៤០០០គ្រឿងដែលបង្ក្រាបនេះ មានតម្លៃត្រូវបង់ពន្ធរហូតដល់៤០-៥០ម៉ឺនដុល្លារឯណោះ។ លោកបានបញ្ជាក់ទៀតថា កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសនៃអំពើគេចពន្ធ នឹងបន្តចុះបើកប្រតិបត្តិការត្រួតពិនិត្យ រាល់ទំនិញទាំងឡាយណាដែលគេចពន្ធ ឲ្យដូចភ្លៀងរលឹម និងជាប្រចាំ។

នាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវដល់ម្ចាស់យានយន្ត, ម៉ូតូ និងទំនិញទាំងឡាយណា ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ សូមរួសរាន់ប្រញាប់មកបង់ពន្ធជាបន្ទាន់ ជៀសវាងប្រឈមនឹងការចាប់ និងផាកពិន័យ៕