(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានធ្វើពិធីចែកកាតវ័យឆ្លាត (Smart Card ID) ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Poscar Cambodia ដើម្បីគ្រប់គ្រងទិន្នន័យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្នុងស្ថាប័នរបស់ខ្លួន ក្រោមអធិបតីភាពលោក យក់ ប៊ុនណា ដែលនាយកសាលា និងជារដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ។

លោក យក់ ប៊ុនណា បានថ្លែងថា មូលហេតុដែលលោកយកកាតវ័យឆ្លាតនេះ មកប្រើប្រាស់ដើម្បីគ្រប់គ្រងទិន្នន័យ នៅក្នុងសាលាភូមិន្ទរដ្ឋបាល ព្រោះថាកាតនេះ មានអត្ថប្រយោជន៍ច្រើន សម្រាប់ការគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ នៅសាលាហើយអាចគិតទៅដល់ការគ្រប់គ្រងសិស្ស និងកម្មសិក្សាការីបានទៀតផង។ វាមានភាពងាយស្រួលក្នុងការ ស្រង់ទិន្នន័យផ្សេងៗ ពាក់ព័ន្ធនឹងការមកធ្វើការ ការរៀនសូត្ររបស់សិស្ស និងកម្មសិក្សាការី ការរក្សាពិន្ទុ ឬក៏ជាព័ត៌មានអំពីការធ្វើអ្វីផ្សេងៗ ហើយអាចប្រើនៅក្នុងបណ្ណាល័យ និងអាចមានជាឥណទាន សម្រាប់ការទូទាត់ផ្សេងៗថែមទៀត។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងយើងមើលឃើញអំពីអត្ថប្រយោជន៍នេះ យើងបានសម្រេចចិត្តជ្រើសរើស យកការប្រើប្រាស់កាតវ័យឆ្លាត ដែលមានជំនួយពីក្រុមហ៊ុន Poscar Cambodia មកប្រើប្រាស់។ ដំណាក់កាលដំបូង គឺនៅក្នុងការគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ»។ លោកនាយកបន្តថា ប្រសិនបើសាលាភូមិន្ទរដ្ឋបាល ប្រើប្រាស់កាតវ័យឆ្លាតនេះ មានភាពប្រសើរជាងមុនលើការងាររដ្ឋបាល លោកនឹងជួយណែនាំបទពិសោធន៍ ក៏ដូចជាបច្ចេកទេសផ្សេងៗ ទៅដល់ក្រសួងស្ថាប័ននានា នៅក្នុងប្រទេសកម្ពុជាឲ្យបានស្គាល់ផងដែរ។

លោក យក់ ប៊ុនណា បានបញ្ជាក់បន្តថា «សម្រាប់ការគ្រប់គ្រងវត្តមានមន្ត្រីរាជការទូទាំងប្រទេស យើងអាចឃើញមានជម្រើសច្រើន ដោយសាររាជរដ្ឋាភិបាលផ្តល់ លទ្ធភាពដល់ក្រសួងស្ថាប័ន ដើម្បីមានជម្រើសប្រើប្រព័ន្ធក្រដាស ទៅតាមស្ថានភាព... អញ្ចឹងក្រសួងគាត់មានជម្រើសលើរឿងហ្នឹងទៀត។ សាលាភូមិន្ទរដ្ឋបាល យើងប្រើកាតវ័យឆ្លាតនេះ សម្រាប់ជំហានដំបូង សម្រាប់មន្ត្រីនៅសាលា ហើយយើងនឹងពង្រីក ប្រសិនបើការប្រើប្រាស់នេះមានប្រយោជន៍ មានប្រសិទ្ធភាពខ្ពស់ជាងមុន យើងនឹងពង្រីកសម្រាប់ការប្រើប្រាស់ដល់សិស្ស និងកម្មសិក្សាការី ដែលមករៀននៅទីនេះ ហើយអាចគិតគូរដល់មន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន ប្រសិនបើក្រសួងស្ថាប័ន លោកមានតម្រូវការឲ្យសាលាភូមិន្ទរដ្ឋបាល និងក្រុមហ៊ុនជួយផ្តល់បច្ចេកទេស ឬក៏ការគាំទ្រ ការគ្រប់គ្រងមន្រ្តីនៅតាមក្រសួងស្ថាប័នរបស់ខ្លួន»

លោករដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់បន្ថែមថា «ខ្ញុំសង្ឃឹមថា បទពិសោធន៍ដែលមាននៅទីនេះ នឹងមានប្រយោជន៍សម្រាប់ការពង្រឹង ប្រព័ន្ធនៃការគ្រប់គ្រងមន្ត្រី តាមកាតវ័យឆ្លាតនេះ បានកាន់តែប្រសើរទៅថ្ងៃមុខ»

ក្នុងឱកាសនោះផងដែរ លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Cambodia បានឲ្យដឹងថា កាតសម្គាល់ខ្លួនវៃឆ្លាត ត្រូវបានប្រើប្រាស់សម្រាប់សម្គាល់ និងបញ្ជាក់អត្តសញ្ញាណរបស់បុគ្គល ហើយអាចប្រើជាមួយឧបករណ៍ ដែលមានមុខងារផ្សេងទៀត នៅក្នុងអង្គភាព និងក្រៅអង្គភាពមួយ។ កាតវ័យឆ្លាត មានលក្ខណៈពិសេសគឺ QR Code ដែលអាចឲ្យអ្នកប្រើប្រាស់ស្កេនដោយប្រើទូរស័ព្ទ ធ្វើឲ្យអ្នកស្កេនដឹងអំពីទិន្នន័យរបស់ខ្លួនផ្សេងៗ។

លោកបន្តថា ក្រុមហ៊ុនរបស់លោកបង្កើតកាតវ័យឆ្លាតនេះឡើង ដើម្បីចូលរួមជួយលើកកម្ពស់ នៅក្នុងការគ្រប់គ្រងសាលារៀន ពីព្រោះប្រព័ន្ធសាលារៀន នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ភាគច្រើនមានការគ្រប់គ្រងប្រព័ន្ធដោយប្រើក្រដាស កត់ត្រាទិន្នន័យដោយផ្ទាល់ដៃ។ ការប្រើប្រាស់បែបហ្នឹង មានការលំបាកក្នុងការធ្វើជារបាយការណ៍ ឬក៏បូកសរុបលទ្ធផលផ្សេងៗ។

លោក ងន់ ម័រ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងក្រុមការងារខ្ញុំបានគិតថា បើសិនជាមានប្រព័ន្ធគ្រប់គ្រងសាលារៀន ក៏ដូចជាប្រើប្រព័ន្ធកាតវ័យឆ្លាត យកវត្តមានដោយស្វ័យប្រវត្តិនេះ ធ្វើឲ្យការគ្រប់គ្រងមានភាពរហ័ស។ យើងអាចធ្វើរបាយការណ៍ផ្សេងៗ បូកស្រង់ទិន្នន័យ គឺនៅលើប្រព័ន្ធ Application និងព្រីនរបាយការណ៍ ពីប្រព័ន្ធកុំព្យូរទ័រមកបានលឿន បើយើងប្រៀបធៀបដោយដៃ»

សូមជម្រាបថា កាតសម្គាល់ខ្លួនវៃឆ្លាត ត្រូវបានគេប្រើប្រាស់សម្រាប់មុខងារច្រើនលើសពីកាតសម្គាល់ខ្លួនរបស់អង្គភាព។ ក្រៅពីព័ត៌មានបឋម និងរូបថតរបស់បុគ្គល នៅលើកាតសម្គាល់ខ្លួនវៃឆ្លាតនេះ នៅមាន QR Code និងបន្ទះឈីបនៅក្នុងកាតសម្រាប់មុខងារផ្សេងៗទៀត។ ចំពោះ QR Code សម្រាប់ផ្ទៀងផ្ទាត់ពីអត្តសញ្ញាណបុគ្គល ហើយបន្ទះឈីបសម្រាប់យកវត្តមាន ជាមួយឧបករណ៍វត្តមានវៃឆ្លាត និងអាចប្រើសម្រាប់កិច្ចការផ្សេងទៀត។

កាតសម្គាល់ខ្លួនវៃឆ្លាត ត្រូវបានប្រើប្រាស់ជាមួយឧបករណ៍វត្តមានវៃឆ្លាតសម្រាប់យកវត្តមាន ហើយវត្តមាននោះបានផ្ទុកនៅក្នុងប្រព័ន្ធទិន្នន័យ (Database) របស់អង្គភាព ហើយអាចធ្វើរបាយការណ៍ជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែបានយ៉ាងឆាប់រហ័ស។ ដើម្បីប្រើប្រាស់កាតសម្គាល់ខ្លួនវៃឆ្លាត ត្រូវមានប្រព័ន្ធគ្រប់គ្រងទិន្នន័យបុគ្គលិក (Human Resource Management) ឧបករណ៍វត្តមានវៃឆ្លាត និងកាតសម្គាល់ខ្លួនវៃឆ្លាត៕