(ក្រចេះ)៖ អាជ្ញាធរស្រុកសំបូរបានឲ្យដឹងថា នៅថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៥នេះ អាជ្ញាធរស្រុកបានបង្កើតគណៈកម្មាកធិការ ដើម្បីធ្វើកោសល្យវិច្ច័យលើម្ហូប-អារហារ និងស្រាសក្រោយពីសង្ស័យថា ការស្លាប់របស់អ្នកភូមិចំនួន២នាក់ បណ្តាលមកពីសារធាតុពុល។
យ៉ាងហោចមានអ្នកភូមិចំនួន២នាក់ រស់នៅក្នុងភូមិចារថ្នោល ឃុំសំបូរ ស្រុកសំបូរ ត្រូវបានស្លាប់ជាបន្តបន្ទាប់ ក្នុងអំឡុងរយៈពេល២ថ្ងៃជាប់ៗ និងក៏មានអ្នកភូមិជាង២០នាក់ កំពុងតែស្ថិតក្នុងការសង្រ្គោះ ពីក្រុមគ្រូពេទ្យក្រោយពីអ្នកភូមិទាំងចំនួនជាង៣០នាក់ រស់នៅក្នុងភូមិខាងលើបានកើតមានអការៈក្អួតចង្អោរ វិលមុខ ទន់ដៃទន់ជើង ស្រវាំងភ្នែក។
អការៈរបស់អ្នកភូមិកើតមានបែបនេះ បានឡើងមានក្រោយពេលដែលពួកគាត់ទាំងអស់គ្ នាបានទៅចូលរួមកំដរបុណ្យសពមួយក្នុងភូមិ និងក៏បាននាំគ្នាហូបចុក ផឹកស្រាស កំដររោងបុណ្យកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
នគរបាលស្រុកសំបូរ បាននិយាយថា ក្រៅពីមានអ្នកភូមិពីរនាក់បានស្លាប់ បន្ទាប់ពី កើតមានអការៈធ្ងន់ធ្ងរ ក្អួតចង្អោរ វិលមុខស្រវាំងភ្នែក ទន់ដៃជើង ក៏មានអ្នកភូមិ ស្រី-ប្រុស ចំនួនជាង២០នាក់ទៀត ក៏ត្រូវបាននាំមកសង្រ្គោះនៅមន្ទីរពេទ្យនិងមណ្ឌលសុខភាពក្នុងនោះមានពីរនាក់កំពុងតែ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
បុរសទាំងពីរនាក់ដែលបានស្លាប់មានឈ្មោះ ប៉ែន ផាង អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ ចារថ្នោល ឃុំសំបូរ ស្រុកសំបូរ ត្រូវបានស្លាប់កាលពីថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់ពីមកពីចូល រួមកំដរ បុណ្យសពនិងបានផឹកស្រាសរ ជាមួយអ្នកភូមិដ៏ទៃទៀតបានរយះពេលមួយ ថ្ងៃរួចមក។
បុរសម្នាក់ទៀតឈ្មោះ ឈឺម ឆោម អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាបាន ស្លាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ក្រោយពីផឹកស្រាសរ កំដរបុណ្យសពបានរយះពេល២ថ្ងៃ។
សេចក្តីរាយការណ៍ពីអ្នកភូមិចារថ្នោល បានឲ្យដឹងថា នៅថ្ងៃចូលរួមកំដរ បុណ្យសព កាលពីថ្ងៃទី២០ ខែវិច្ឆិកា មានអ្នកភូមិជាច្រើននាក់ចូលរួម ។ ក្នុងនោះមានអ្នកភូមិចំនួន ជាង៣០នាក់ បានផឹកស្រាសរកំដរបុណ្យ។ ហើយបន្ទាប់ពីផឹកអ្នកភូមិទាំងនោះ បានកើត មានអការៈក្អួតចង្អោរ វិលមុខ ស្រវឹងភ្នែក រហូតឈានឲ្យស្លាប់។
អធិការនគររងនគបាលស្រុកសំបូរ លោក ឈិន សំបូរ បានឲ្យដឹងថា នៅមានអ្នកភូមិ ជាច្រើននាក់ទៀត កំពុងតែមានអការៈវិលមុខ ទន់ដៃទន់ជើង ក្អួត ស្រវាំងភ្នែកក្នុងនោះ មានពីរនាក់ ស្ថិតក្នុងអការៈធ្ងន់ធ្ងរនិងក៏កំពុងតែនាំមកសង្រ្គោះនៅមន្ទីរពេទ្យ និងមួយចំនួន ទៀតកំពុងសម្រាកនៅមណ្ឌលសុខភាពស្រុក។
លោក ឈិន សំបូរ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានករណីមនុស្សស្លាប់នេះ អាជ្ញាធរ ស្រុកបានបង្កើតគណៈកម្មាការ ដើម្បីត្រួតពិនិត្យមើលលើស្រានិងម្ហូបចំណីអារហារដើម្បី ស្វែងរកមូលហេតុ ព្រោះអាការៈរបស់ជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីសារធាតុពុល៕