(ភ្នំពេញ)៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង គឺដោយសារតែចោរប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានធ្វើសកម្មភាពបាញ់ មកលើយុវជនមួយក្រុម មានគ្នាប្រមាណជិត២០នាក់ ប្លន់យកម៉ូតូ២គ្រឿងបានសម្រេច និងបណ្តាលឱ្យយុវជន៣នាក់ របួសត្រូវនឹងគ្រាប់កាំភ្លើង រួចពួកគេបានជិះគេចខ្លួន បាត់តែម្តង។
ហេតុការណ៍បាញ់ប្លន់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៖១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្បែរនឹងបុរីភ្នំមាស តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីជនរងគ្រោះម្នាក់ ឈ្មោះ ផាន ភ័ស្ត អាយុ២៦ឆ្នាំ ដែលបានរត់គេចខ្លួនផុត ពីការបាញ់ប្រហារនេះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេជាមួយនឹង មិត្តភក្តិជាច្រើននាក់ទៀត មានគ្នាប្រមាណជិត២០នាក់ បាននាំគ្នាមកដើរលេង នៅក្នុងពិធីបុណ្យអំទូក នៅក្នុងរាជធានីភ្នំពេញ ហើយក៏បាននាំគ្នាជិះម៉ូតូដើរលេង មកដល់ម៉ោងកើតហេតុ យប់កាន់តែជ្រៅពួកគេបាននាំគ្នាជិះម៉ូតូបំណងត្រឡប់ទៅស្រុកកំណើត នៅឯខេត្តកណ្តាលវិញ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យ មួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ជិះមកក្បែរពីក្រោយបាន ដកកាំភ្លើងខ្លី២ដើម បាញ់រះមកលើពួកគេតែម្តង ពេលពួកគេទាំងអស់គ្នា មានការភ័យស្លន់ស្លោរពេក ក៏មានអ្នកខ្លះជិះម៉ូតូរត់ និងខ្លះទៀតផ្តួលម៉ូតូ ចោលរត់យកតែរួចខ្លួន ។
ជនរងគ្រោះដដែលបានបន្តថា បន្ទាប់ពីបាញ់មិត្តភក្រ្តគេឱ្យរបួសហើយ ក្រុមចោរទាំងនោះមិនអស់ចិត្ត បាននាំគ្នាដេញបាញ់ពួកគេថែមទៀត តែត្រូវពួកគេព្យាយាមរត់គេចខ្លួន ចូលកន្លែងងងឹត ទើបក្រុមចោរមិនដេញតាមទៀត ហើយបានលើកយកម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក MSX និងមួយគ្រឿងទៀតម៉ាក Honda Dream C125 សេរីឆ្នាំ២០១៤ ជិះគេចខ្លួនអស់តែម្តងទៅ។ ក្រោយមកជនរងគ្រោះ ដែលរងរបួសទាំង៣នាក់ ត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ រួចទើបទៅដាក់ពាក្យបណ្តឹងពេលក្រោយនៅប៉ុស្តិ៍នគរបាល។
យ៉ាងណាក៏ដោយចំពោះហេតុការណ៍ បាញ់ប្លន់នេះ មិនទាន់មានការបញ្ជាក់ ពីនគរបាលខណ្ឌមានជ័យ ថាជាករណីបាញ់ប្លន់យកម៉ូតូ ឬយ៉ាងណានោះទេ៕