(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់តារាសាំងហ្គាពួរ បានបញ្ចប់ទៅដោយស្នាមញញឹម និងភាពរីករាយ ព្រោះជាមោទនភាព ដែល កម្ពុជាបានរៀបចំកម្មវិធី បែបអន្តរជាតិលើកដំបូង ក្នុងការប្រគល់ពានរង្វាន់ ដល់តារាបរទេស។ ថ្វីត្បិតតែកម្មវិធីដំណើរការ ដោយរលូន តែសំឡេងរិះគន់ក៏នៅតែកើតមាន ពិសេសបានរិះគន់ ទៅលើការរៀបចំកម្មវិធី រដិបរដុបមិនរលូនល្អ។ កាន់តែខ្លាំងក្លាជាងនេះ មានប្រិយមិត្តមួយចំនួន រិះគន់ទៅលើពិធីករ-ពិធីការិនីថា និយាយមិនកើត ពិសេសជាងគេគឺនាង ឌួង ហ្សូរីដា។
សំឡេងនៃការិះគន់យ៉ាងធ្ងន់ៗថា ឌួង ហ្សូរីដា និយាយអង់គ្លេសមិនសូវបានល្អ ពិសេសកាច់តុងជ្រុលពេក មិនសមរម្យហើយហាក់ជោរៗ ធ្វើឲ្យឌួង ហ្សូរីដា ឆេះដុំខឹងនឹងពាក្យរិះគន់ ទាំងនោះ ។ ឌួង ហ្សូរីដា បានបញ្ចេញយោបល់ ក្នុងបណ្ដាញសង្គមរបស់នាងថា «សូមអរគុណដល់អ្នករិះគន់ ដើម្បីស្ថាបនា និងអ្នករិះគន់ជាន់ពន្លិច ខ្ញុំសូមជំរាបថា ល្បិចខ្ចីដៃអ្នកដទៃដោយបង្កើត Fake Acc មួយចំនួនធំ មកComment រិះគន់ ក្នុង Page PPCTV នេះ ដូចជាល្បិចនៅស្ទើរពេកហើយ ហេតុអ្វីចាំបាច់ប្រៀបធៀប? ហេតុអ្វីបានជាចូល Comment ដដែលៗ copy past សូម្បីតែក្នុងការផុសរូបអ្នកផ្សេង? ពិធីករមាន ៥នាក់ ហើយអ្វីៗទំលាក់បញ្ហាមកលើខ្ញុំ តែម្នាក់ ? Nobody Perfect ខ្ញុំធ្វើទៅតាមការរៀបចំ របស់ Producers ហើយពេលប្រជុំក៏មិនបានប្រាប់ថា ត្រូវប្រើភាសាច្រើន ឬបកប្រែសម្រាប់តារាសាំងហ្គាពួរទេ គ្រប់យ៉ាងត្រូវបន្ថែមភ្លាមៗ ដូរភ្លាមៗ ខ្ញុំមិនដែលជំរាបថា ខ្ញុំពូកែភាសាអង់គ្លេស ហើយរៀនចប់បណ្ឌិតអក្សរសាស្រ្ត អង់គ្លេសទេ ខ្ញុំគ្រាន់តែប្រាប់ថា អាចនិយាយបានតិចតួច គ្រាន់មាសុំបាយគេហូបទេ ព្រោះខ្ញុំក៏មិនបានរៀនភាសានេះ ដល់ថ្នាក់បរិញ្ញាអីដែរ ខ្ញុំរៀនខាងផ្នែក Businesses..! »។
ឌួង ហ្សូរីដា បានបញ្ជាក់ទៀតថា «ខ្ញុំបានប្រឹងប្រែងហើយ ខ្ញុំក៏ដឹងដែរ ថាភាសាខ្ញុំនៅមានកំរិត ប៉ុន្តែសូមឲ្យអ្នកដែលក្លាហានហ្នឹង..! ចេញមុខជេរឲ្យចំៗទៅ ចាំបាច់ Fake Acc ធ្វើអី? ហើយការជ្រើសរើស ឬមិនជ្រើសរើស ខ្ញុំធ្វើការនេះបន្តទៀតឬអត់ គឺជារឿងសំរេចចិត្តរបស់ថៅកែ ខ្ញុំមិនដែលតាំងខ្លួនថា ជាពិធីការិនីល្បីលើសគេនោះទេ មានពិធីការិនីច្រើនក្នុងស្រុកជារៀមច្បង មានអ្នកស្រករខ្ញុំ មានអ្នកក្រោយ ហេតុអ្វីបានជាអ្នក Comment ហ្នឹងដូចជាឈឺចាប់ ច្រណែន ឈ្នានីសខ្ញុំម្ល៉េះ ? ខ្ញុំសុំទោស ដែលការនិយាយរបស់ខ្ញុំ យប់មិញមិនបានល្អ ធ្វើឲ្យអ្នកគ្រប់គ្នាខកបំណង ប៉ុន្តែគ្រាន់តែចង់ប្រាប់ថា ខ្ញុំពិតជាហត់ខ្លាំង ជាងគេយប់វិញ ហើយរាល់ស្ថានការលំបាក ខ្ញុំត្រូវគេរុញបញ្ចូលឲ្យកែស្ថានការ ខ្ញុំមិនបាននិយាយដណ្តើម អ្នកណាទេ គ្រប់យ៉ាងត្រូវទៅតាមការរៀបចំក្នុង Script , សូមមើលក្នុង script ទៅដឹងហើយ..! តែទោះជាយ៉ាងណា ក៏នាងខ្ញុំសូមអរគុណ ដល់អ្នកទាំងអស់គ្នាសំរាប់ការទស្សនា រហូតដល់ចប់។ បានន័យថា PPCTV / CTV8 ជោគជ័យហើយសំរាប់ មហាព្រិត្តិការណ៍លើកនេះ ..! »។
ឌួង ហ្សូរីដា បន្តក្នុងក្ដីរំពឹងថា «ការរិះគន់របស់អស់លោក fake Acc និង អ្នកឈ្នានីសមួយចំនួន ហ្នឹងរឹតតែធ្វើឲ្យខ្ញុំល្បី បន្តទៀតហើយ អរគុណខ្លាំងណាស់ សំរាប់ការបង្កើតព័ត៌មាន ទាំងអស់នេះឡើង..! នាងខ្ញុំនឹងបន្តខិតខំពង្រឹងបន្ថែម នូវការសិក្សាភាសា ហើយអក្ខរាវិរុទខ្មែរ បន្ថែមទៀត តាមសំណូមពរ ហើយក៏នឹងរង់ចាំទទួលទាំងពាក្យរិះគន់ ដើម្បីស្ថាបនាក្តី ជាន់ពន្លិចក្តី ដោយក្តីញញឹមណា..!»។
ថ្វីត្បិតតែបានបកស្រាយ និងចោទអ្នករិះគន់នាងថា អ្នកបង្កើតគណនីក្លែងក្លាយ មកបំបាក់នាង តែមហាជននៅតែនិយាយថា នាងធ្វើមិនបានល្អពិតមែន ហើយត្រូវកែប្រែកំហុសឆ្គងបែបនេះ កុំឲ្យកើតឡើងបន្ដទៀត ព្រោះនេះជាមុខរបរនាង៕