(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី0៧ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំពិធីប្រណាំងទូកឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក-លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង/ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការ រៀបចំពិធីប្រណាំងទូកជាច្រើនរូបទៀត ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ ក្នុងសេចក្ដីសម្រេច របស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយ សម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ។

សូមជម្រាបជូនថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំនេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។ ដើម្បីរៀបចំពិធីនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន៦ផ្សេងទៀតជាជំនួយការ៕