(ភ្នំពេញ)៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ លោកស្រី ទេព កុលាប បានសហការជាមួយ នឹងក្រសួងយុត្ដិធម៌ និងដៃគូពាក់ព័ន្ធ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥ នេះ បាននាំយកនូវអំណោយសប្បុរសជនជាច្រើន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាប់ទោសនៅពន្ធនាគារព្រៃ ស ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ធ្នូ លើកទី៦៧ ។

សកលវិទ្យាធិការរូបនេះ បានថ្លែងអំពាវនាវដល់បងប្អូននៅទីនោះទាំងអស់ថា «សូមឲ្យបងប្អូនដែលមានទោសទណ្ឌ នៅក្នុងពន្ធនាគារព្រៃសទាំងអស់ ដែលជាប់ទោសនៅទីនេះក្នុងប្រការណាក៏ដោយ មិនត្រូវបាក់ទឹកចិត្ដ ត្រូវធ្វើអំពើល្អ ខិតខំប្រឹងប្រែងយកចំណេះវិជ្ជាដែលបានអនុវត្ដនៅទីនេះ យកទៅអនុវត្ដពេលចេញពីទីនេះ ដើម្បីបង្កើតជាមុខរបរផ្ទាល់ខ្លួនមួយ សម្រាប់ធ្វើឲ្យជីវិតយើង មានអនាគតល្អកុំឲ្យប្រព្រឹត្ដខុស ដូចមុនទៀត»។

លោកស្រីបន្ថែមថា «ជាងនេះទៅទៀតខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពេលដែលចាកចេញពន្ធនាគារ សូមកុំត្រលប់មកវិញជាដាច់ខាត គឺខ្ញុំមិនចង់ឃើញការធ្វើខុសម្ដងហើយខុសម្ដងទៀតនោះទេ ត្រូវតែសាងអំពើល្អ និងបំភ្លេចចោលនូវ ភាពអាក្រក់ សម្រាប់ខ្លួន គ្រួសារ និងសង្គមជាតិដែលខ្លួនធ្វើកន្លងមកឲ្យអស់ ហើយត្រូវសាងអនាគតរបស់ខ្លួនឯងឲ្យកាន់តែប្រសើរ ជាបន្ដបន្ទាប់ទៅថ្ងៃខាងមុខទៀត» ។

លោកស្រីបន្ថែមគ្រប់ពេលវេលាទាំងអស់ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាល តែងតែយកចិត្ដទុកដាក់ គ្រប់បែបយ៉ាង មិនទុកអ្នកទំាងអស់គ្នាចោលនោះទេ ដោយធ្វើយ៉ាងនឹងមិនធ្វើឲ្យបងប្អូនដែលនៅក្នុងពន្ធនាគារ លំបាកនោះទ្បើយហើយក្នុងនោះផ្ទាល់លោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ គុយ ប៊ុនសន ដែលតែងតែស្វែងរកនូវជំនួយពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងនូវចំណេះ ដឹង របស់ពួកគាត់តាមវិស័យនីមួយៗ ដើម្បីពេលចេញពីពន្ធនាគារវិញ នឹងអាចបង្កើតមុខរបររបស់ខ្លួនឯងផ្ទាល់។

ទន្ទឹមនឹងពេលនោះផងដែរ លោក អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ គុយ ប៊ុនសន បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នា នឹងព្យាយាមបង្កើតមុខរបរជាបន្ដទៀត ទៅដល់ បងប្អូនដែល ជាប់ពន្ធនាគារនៅទីនេះ ឲ្យបានកាន់តែច្រើនបន្ថែមទៀតក្រៅ ពីជាងអ៊ុតសក់ និងជំនាញផ្សេងៗទៀត តែអ្វីដែលពិសេសជាងនេះទៅទៀត គឺនឹងពង្រឹងភាសា បរទេសដល់ពួកគាត់បន្ថែមទៀត»។

សូមបញ្ជាក់ការ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញ អន្ដរជាតិ លោកស្រី ទេព កុលាប បានចុះចែកអំណោយ និងសំណេះសំណាល ជាមួយបងប្អូនដែលជាប់ពន្ធនាគារនៅទីនេះ ជាច្រើនលើកច្រើនសារមកហើយ ដោយមាននូវគ្រឿងឧបភោគគ្រប់ មុខជាច្រើន និងថវិកា មួយចំនួនផងដែរ៕