(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានអំពាវនាវដល់មន្ត្រីជំនាញ និងកងកម្លាំង មានសមត្ថកិច្ច ដែលធ្វើសកម្មភាពតាមដងបឹងទន្លេសាប ក្នុងភូមិសាស្ត្រទឹកដី ខេត្តពោធិ៍សាត់ សូមកុំដើរគាបសង្កត់យកប្រាក់ ពីប្រជានេសាទ តូចតាច ខណៈដែលពួកគាត់ទាំងនោះ កំពុងជួបការលំបាកខ្វះខាត និងក្រីក្រ គឺទុកឲ្យពួកគាត់ រស់បានស្រួលផង។
ការលើកឡើងនេះ ក្នុងឱកាសលោក អញ្ជើញចូលរួមចែកធុងសម្រាប់ កល់ផ្ទះបណ្តែតទឹក ជូនដល់ប្រជានេសាទ ភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ចំនួន២២០គ្រួសារ ស្មើនឹង២២០ធុង ជាអំណោយរបស់ លោកឧកញ៉ា លៀង ម៉េង អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប តាមរយៈលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា ដែលមានលោក អេង គន្ធា អគ្គនាយករង អគ្គិសនីកម្ពុជាជាតំណាង ។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា «កន្លងមក ខ្ញុំតែងតែទទួលបាន របាយការណ៍ តាមរយៈទូរស័ព្ទ ពីប្រជានេសាទ និងអាជ្ញាធរមូលដ្នានថា មន្រ្តីជំនាញ និងកម្លាំងមានសមត្ថកិច្ច មួយចំនួន បានចុះទារប្រាក់ពីពួកគាត់ ដែលមានមុខរបរ នេសាទតូចតាច គ្រាន់តែចិញ្ចឹមឆ្នាំង តែបើនេសាទធំៗ មិនទៅបង្រ្កាបនោះទេ ទង្វើទាំងនេះសូមឲ្យឈប់ជាបន្ទាន់ តែបើមានបទល្មើស ត្រូវអនុវត្តទៅតាមផ្លូវច្បប់» ។
លោកបានលើកទៀតថា ចំពោះករណីកាប់បំផ្លាញ ព្រៃលិចទឹក ការបង្ហោះទូក ធ្វើប៉ះពាល់ដល់ការរស់នៅ របស់ប្រជានេសាទ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាទៅមន្ត្រីប៉ុស្តិ៍នគរបាល អធិការនគរបាលស្រុក និងប្រជាការពារ ត្រូវស្វែងរកមុខសញ្ញា ចាប់ជនល្មើស និងទូកយកមកធ្វើការអប់រំ បើករណីមិនរាងចាលទេនោះ ត្រូវអនុវត្តទៅតាមគោលការណ៍ ជាក់ស្តែង ។
ការអនុវត្តបែបនេះ ក្នុងគោលបំណងរក្សា ការពារនិងអភិរក្សព្រៃលិចទឹក ឲ្យបានគង់វង្សល្អ ដល់កូនចៅយើង ជំនាន់ក្រោយ និងរក្សាសណ្តាប់ធ្នាប់ នៅក្នុងភូមិ ជាប្រយោជន៍ ដល់ប្រជានេសាទ ដែលមានផ្ទះបណ្តែតទឹកតូចៗ និងមានការព្រួយបារម្មណ៍ ពីការលិចលង់ ។ ពាក់ព័ន្ធទៅនឹងការជ្រើសរើសមន្ត្រីនគរបាល រដ្ឋបាល អន្សាចំបក់ថ្មី ជំនួសអ្នកដែលចូលនិវត្តន៍ លោកអភិបាលខេត្ត បានឲ្យជ្រើសរើសអ្នក នៅក្នុងតំបន់នេះ គឺមិនយកពីណាមកដាក់នោះទេ ។ ឃុំភូមិ និងប្រជាពលរដ្ឋ ជាអ្នកជ្រើសរើស ហើយលោកជាអ្នកសម្រេចចុងក្រោយ ។
ជាមួយគ្នានោះដែរ លោកបានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួន ទៅដល់ប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ ឃុំ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព សំដៅធ្វើយ៉ាងណា កុំឲ្យមានក្មេងទំនើង ល្បែងស៊ីសង និង គ្រឿងញៀន ព្រោះវាបង្កឲ្យមានចោរកម្មនិង អំពើហិង្សាក្នុងគ្រួសារ។ក្នុងនាមអាជ្ញាធរខេត្ត លោក ម៉ៅ ធនិន បានថ្លែងនូវអំណរគុណ ចំពោះអគ្គនាយកក្រុមហ៊ុនជីពម៉ុងគ្រុប ព្រមទាំង លោក កែវ រតនៈ និងលោក អេង គន្ធា ដែលបានផ្តល់ និង នាំយកធុងសម្រាប់កល់ផ្ទះបណ្តែតទឹក ចែកជូនប្រជានេសាទ ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ទាំង ២២០គ្រួសារ ស្មើនឹង ២២០ធុង ជួយដល់ប្រជានេសាទ គឺជាវប្បធម៌ចែករំលែកមួយ ដ៏មានសារៈសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ ៕