(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នេះ បានដឹកនាំក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចុះទៅព្យាបាលជំងឺមាត់ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជិតមួយពាន់នាក់ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
លោក សែម គន្ធា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានប្រាប់អង្គភាព Fresh News ថា ការចុះមកពិនិត្យ ព្យាបាលជំងឺមាត់ធ្មេញ និងជំងឺទូទៅជូនប្រជាពលរដ្ឋ ខាងលើនេះ បានធ្វើឡើងរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅសាលាបឋមសិក្សាស្វាយអន្ទរ ។
លោក សែម គន្ធា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមករកសេវាព្យាបាល ជំងឺមាត់ធ្មេញ អាយុក្រោម១៧ ឆ្នាំ និងចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួន៤៤២នាក់ ហើយប្រជាពលរដ្ឋ ដែលមករកសេវាព្យាបាលជំងឺទូទៅ មានចំនួន៣៩៧នាក់ ។
បើតាមលោក សែម គន្ធា ប្រជាពលរដ្ឋទាំងនេះ បានបង្ហាញភាពរីយរាយ យ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក ស សុខា លើសេវាព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ ដែលបង្ហាញពីការចូលរួមកាត់បន្ថយ លើការចំណាយរបស់ពួកគាត់ បានមួយគ្រា សម្រាប់ការថែទាំសុខភាព។