(បាត់ដំបង)៖ ស្ទីលបោកថ្មី បានលេចចេញមកទៀតហើយនៅលើទឹកដីខេត្តបាត់ដំបង ដោយមានជនខិលខូចតាំងខ្លួនជាបុគ្គលិក ក្រុមហ៊ុន Smart Mobile ដើរលក់ទូរស័ព្ទ iPhone 6 ក្លែងក្លាយ ក្នុងតម្លៃ ៣០០ដុល្លារ។ ជនរងគ្រោះទទូចសមត្ថកិច្ចឲ្យតាមចាប់  ជនឆបោក និងសូមសាធារណជន ឲ្យប្រុងប្រយ័ត្នខ្ពស់កុំឲ្យចាញ់បោកដូចខ្លួន។

ប្រជាពលរដ្ឋដែលរងការចាញ់បោកដោយប្រើស្ទីលថ្មីនេះ បានប្រាប់ Fresh News ឲ្យដឹងថា នៅប៉ុន្មានថ្ងៃមុននេះ មានបុរសម្នាក់  តាំងខ្លួនបុគ្គលិករបស់ក្រុមហ៊ុនស្មាត ហើយដើររកជួលដីដាក់អង់តែនទូរស័ព្ទ ដោយឲ្យតម្លៃជួលក្នុង ១ខែ ៤០០ដុល្លារ ហើយ បញ្ឆោតឲ្យម្ចាស់ដីទិញទូរស័ព្ទ iPhone 6 (ក្លែងក្លាយ) ក្នុងតម្លៃធូរថ្លៃត្រឹមតែតម្លៃ ៣០០ដុល្លារប៉ុណ្ណោះ។

ជនឆបោករូបនេះ មានភាពប៉ិនប្រសប់យ៉ាងខ្លាំងក្នុងការអន្ទងឲ្យមនុស្សលង់ចាញ់ក្នុងមាគ៌ាបោកប្រាស់របស់ខ្លួន។ ជនឆបោករូប  នេះ មិនត្រឹមតែនិយាយលួងលោមនោះទេ រូបគេនៅមានកិច្ចសន្យាយ៉ាងត្រឹមត្រូវជាមួយម្ចាស់ដីថែមទៀតផង។

នៅក្រដាសសន្យានេះ ជនឆបោក បានផ្តិតមេដៃ និងអះអាងថា ខ្លួនមានឈ្មោះ ចាន់ ប៊ុណា  ភេទប្រុសអាយុ ៤១ឆ្នាំ ជាតំណាង ក្រុមហ៊ុន Smart Mobile និងដាក់លេខទូរស័ព្ទខ្លួន 096 9318011។

ក្រោយពីយកទូរស័ព្ទក្លែងក្លាយលក់ ឲ្យជនរងគ្រោះ បានលុយ៣០០ដុល្លារ ព្រមទាំងថតរូបប្រគល់-ទទួលលុយ និងទូរស័ព្ទ គួរឲ្យ ជឿជាក់ហើយ ក៏គេចខ្លួនបាត់ និងចុចទូរស័ព្ទលែងចូលតែម្តង។

ជនរងគ្រោះ បានសំណូមពរដល់សមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមច្បាប់ ជនឆបោកយកមកផ្តន្ទាទោសផង តាមរយៈរូបថតមួយ សន្លឹក ដែលមានស្រាប់ ហើយក៏មិនបានទៅប្តឹងសមត្ថកិច្ចអីដែរ ហើយសុំផ្តាំផ្ញើជាសារមួយដល់ប្រជាពលរដ្ឋទូទៅប្រយ័ត្នចាញ់ បោកគេដូចគាត់ទៀតឲ្យសោះ៕