(សៀមរាប)៖ កីឡាករប្រដាល់អន្តរជាតិ និងអ្នកប្រយុទ្ធក្បាច់គុន ចាន់ រតនា បានក្លាយជាអ្នកតំណាងសម្រាប់យុទ្ធនាការថ្មីមួយ ដែលរៀបចំឡើងដើម្បីផ្លាស់ប្តូរឥរិយាបថបុរស ពីការប្រើអំពើហិង្សាលើស្ត្រី ជាពិសេសនៅក្នុងគ្រួសារ ដែលយុទ្ធនាការនេះ មានឈ្មោះថា «អ្នកប្រយុទ្ធគុណធម៌»។
យុទ្ធនាការអ្នកប្រយុទ្ធគុណធម៌ ត្រូវបានបង្កើតឡើងដោយអង្គការជីវិតនៅកម្ពុជា ដែលជាអង្គការមួយក្នុងខេត្តសៀមរាប ដែលបានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥រួចមកហើយ សម្រាប់យុទ្ធនាការប្រឆាំងនឹងអំពើហិង្សា។ យុទ្ធនាការនេះ ទទួលបានប្រជាប្រិយភាពដោយវីដេអូ ដែលបានផលិតឡើងមានការចែករំលែកចំនួន ១០,០០០ដង និងការទស្សនាជាង ១លានដង ជាមួយសារគាំទ្រវិជ្ជមានចំនួនរាប់រយថែមទៀត ពីសំណាក់អ្នកប្រើបណ្តាញសង្គម Facebook។
យុទ្ធនាការ អ្នកប្រយុទ្ធគុណធម៌គឺជាផ្នែកមួយនៃ «យុទ្ធនាការ ១៦ ថ្ងៃប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រ» ដែលបានបំផុសគំនិតដោយសុភាសិតចាស់ខ្មែរមួយថា «កូនខ្មែរមានឈាមជ័រ ជាអ្នកប្រយុទ្ធ» ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏មហិមានាសម័យកាលអង្គរ។ តែជាអកុសលបុរសកម្ពុជាម្នាក់ក្នុងចំណោម៣ នាក់បានប្រើប្រាស់កម្លាំងរបស់ខ្លួនដោយខុសឆ្គង ហើយគេសារភាពថា បានប្រើអំពើហិង្សាលើរាងកាយ ឬផ្លូវភេទទៅលើដៃគូយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។
យុទ្ធនាការនេះ ចង់រំលឹកនូវគុណធម៌របស់អ្នកប្រយុទ្ធសម័យអង្គរឡើងវិញ។ អ្នកប្រយុទ្ធដែលមានគុណធម៌ពិតប្រាកដជាអ្នកដែលប្ដេជ្ញាការពារស្ត្រី និងកុមារ មិនមែនធ្វើបាបពួកគេឡើយ។
លោក ចាន់ រតនា បានលើកឡើងថា លោកពិតជាមានមោទនភាព ដែលបានចូលរួមក្នុងយុទ្ធនាការដ៏សំខាន់មួយនេះ។ លោកបានរៀនហាត់ក្បាច់គុណខ្មែរតាំងពីនៅក្មេង ហើយវាបានបង្រៀនលោក កុំឲ្យប្រើអំពើហិង្សានៅក្រៅសង្វៀន និងបង្ហាញការគោរពដល់អ្នកដទៃ ជាពិសេសស្ត្រី។
លោកបន្តថា «វាគួរឲ្យភ្ញាក់ផ្អើលណាស់ដែល បុរសកម្ពុជាម្នាក់ក្នុងចំណោម ៣នាក់ បានសារភាពថាបានប្រើអំពើហិង្សាទៅលើស្ត្រី ហើយវាដល់ពេលដែលរឿងនេះត្រូវបញ្ឈប់ហើយ។ តាំងខ្លួនជាអ្នកប្រយុទ្ធដែលមានគុណធម៌ ហើយសន្យាថានឹងមិនប្រើអំពើហិង្សាលើស្ត្រីទេ»។
ក្រៅពីកីឡាប្រដាល់ ចាន់ រតនា យុទ្ធនាការនេះមានការគាំទ្រចូលរួមពីសំណាក់តារាល្បីៗជាច្រើននាក់ដូចជា កីឡាករបាល់ទាត់លោកធារី ចន្ថាប៊ីន អ្នកចម្រៀងល្បី លោកវុទ្ធា អ្នកចម្រៀងបែបរ៉េបលោក Reezy, លោក វិទូ និង លោក Ruthko ព្រមជាមួយ កីឡាការនីល្បុក្កតោ និងតារាភាពយន្តសំ ថារត្ន័, អ្នកចម្រៀងបែបរ៉េប សាំង សុខសេរី និងសកម្មជន Catherine Harry ។
លោក ឈិន សែ នាយករងអង្គការជីវិតនៅកម្ពុជាបានឲ្យដឹងថា លោកពិតជារីករាយណាស់ដែលបុរសកម្ពុជា បានគាំទ្រយុទ្ធនាការនេះយ៉ាងក្លៀវក្លា ជាពិសេសមានបុរសរាប់ពាន់នាក់ បានចូលរួមចែករំលែក និងផ្សព្វផ្សាយយុទ្ធនាការរបស់លោកបន្ដ។ លោកថ្លែងថា អំពើហិង្សាក្នុងគ្រួសារ គឺជាបញ្ហាដ៏ធំមួយដែលប៉ះពាល់ដល់គ្រួសារ និងសហគមន៍ទាំងមូល។
លោកបញ្ជាក់ថា «ដល់ពេលដែលយើងត្រូវបញ្ឈប់អំពើហិង្សានេះនៅគ្រប់ទីកន្លែងក្នុងពិភពលោកហើយ។ ហើយការផ្លាស់ប្ដូរនេះអាស្រ័យលើការចូលរួមពីបុរសគ្រប់រូប។ ខ្ញុំសង្ឃឹមថាតាមរយៈការគាំទ្រយុទ្ធនាការនេះ និងការតាំងខ្លួនជាអ្នកប្រយុទ្ធគុណធម៌មួយរូប បុរសកម្ពុជានឹងដឹកនាំក្នុងការលុបបំបាត់អំពើហិង្សាប្រឆាំងនឹងស្ត្រី»។
សូមបញ្ជាក់ថា យុទ្ធនាការនេះមិនមែនសកម្មតែក្នុងបណ្ដាញសង្គមនោះទេ តែក៏មានធ្វើឡើងក្នុងសហគមន៍ផ្ទាល់ផងដែរ។ អង្គការជីវិតនៅកម្ពុជា បានរៀបចំកម្មវិធីដើម្បីទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារជារៀងរាល់ថ្ងៃ ដោយធ្វើការជាមួយស្ត្រីងាយរងគ្រោះ សិស្សសាលា និងអាជ្ញាធរមូលដ្ឋានរាប់ពាន់នាក់ ក្នុងការដោះស្រាយបញ្ហាអំពើហិង្សាក្នុងភូមិឃុំរបស់ពួកគេ។ ក្នុងកំឡុងពេលយុទ្ធនាការ១៦ថ្ងៃនេះ អង្គការជីវិតនៅកម្ពុជា ក៏កំពុងរៀបចំការប្រមូលផ្តុំសហគមន៍ ដើម្បីធ្វើក្បួនដង្ហែរតាមដងផ្លូវតាម និងស្រែកប្រឆាំងនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រី។
ទោះយ៉ាងណាក្ដី យុទ្ធនាការនេះមិនមែនសង្កត់ធ្ងន់លើការយល់ដឹងតែមួយមុខនោះទេ។ សាធារណជនកម្ពុជា ក៏ត្រូវបានស្នើសុំឱ្យចាត់វិធានការ តាមវិធីជាច្រើនដើម្បីគាំទ្រយុទ្ធនាការនេះផងដែរ។
អង្គការជីវិតនៅកម្ពុជា បានស្នើសុំឱ្យប្រជាជនកម្ពុជា ប្ដេជ្ញាចូលរួមធ្វើជាអ្នកប្រយុទ្ធគុណធម៌ដោយធ្វើការសន្យាចំនួន៣ រួមមាន៖ ១៖ មិនដែលប្រើអំពើហិង្សាលើជនដែលងាយរងគ្រោះ, ២៖ គោរពបុគ្គលគ្រប់រូបជាពិសេសស្ត្រី, ៣៖ ប្រៀនប្រដៅក្មេងៗជំនាក់ក្រោយឲ្យប្រកាន់យកតម្លៃដូចគ្នា៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖