(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសំណូមពរ ដល់សហព័ន្ធយុទ្ធគុនបុរាណខ្មែរទាំងបី បន្តកិច្ចសហការជួយបង្ហាត់បង្រៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងបណ្តាគ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ហើយសូមប្រើប្រាស់សៀវភៅ ឯកសារក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលត្រូវបានសំយោគចងក្រងឡើងមកនេះ ជាមូលដ្ឋានគ្រឹះ ជាបទដ្ឋានរួមក្នុងការហ្វឹកហាត់ ដើម្បីធានាបាននូវនិរន្តរភាព និងឯកភាពក្នុងការហ្វឹកហាត់ក្បាច់គុននេះ។

ការសំណូមពរបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុន កងយោធពលខេមរភូមិន្ទ ជំនាន់ទី១ នៅទីលានបាញ់ស៊ីប របស់បញ្ជាការដ្ឋានជាតិកម្លាំង ពិសេសប្រឆាំងភេរវកម្ម ចំការស្វាយគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការដំណើរការវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាន់ទី១ រហូតឈាន ដល់ការបិទវគ្គហ្វឹកហ្វឺននាថ្ងៃនេះ គឺជាការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវគោលការណ៍របស់ក្រសួងការពារជាតិ និងផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការដ្ឋាន ក្នុងការផ្សព្វផ្សាយ និងរៀបចំដាក់ឱ្យដំណើរការកម្មវិធីហ្វឹកហាត់ ក្បាច់គុន កងយោធពលខេមរភូមិន្ទ និងក៏ជាផ្នែកមួយ នៃការរួបរួមសាមគ្គី របស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន របស់មេបញ្ជាការគ្រប់បណ្តាកងឯកភាព ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកប ដោយការប្តេជ្ញាចិត្ត និងមោទនភាព ក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង ធ្វើឱ្យសៀវភៅឯកសារក្បាច់គុន កងយោធពលខេមរភូមិន្ទ ក្លាយទៅជាឯកសាររស់រវើក ជាពិសេសធ្វើឱ្យចក្ខុវិស័យ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្លាយទៅជាការពិតជាជំហានៗ ដោយ យើងបានចាប់ផ្តើមចាក់គ្រឹះបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ បន្ថែមលើមូលដ្ឋានឯកសារដែលយើង បានចងក្រងរួចមកហើយ។

លោកបានបន្តថា នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការងារហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ ដែលជាមោទនភាពរបស់កូនខ្មែរ កើតឡើងពីការរួមគ្នារបស់បុព្វបុរសខ្មែរ ក្នុងការចងក្រងបទពិសោធន៍ជាក្បួនប្រយុទ្ធ, ការរួមគ្នារបស់កូនខ្មែរជំនាន់ក្រោយ ដើម្បីស្រាវជ្រាវចងក្រងសំយោគឡើងវិញ, និងការរួមគ្នារបស់កងកម្លាំងប្រដាប់អាវុធយើងក្នុងចាប់ផ្តើមហ្វឹកហាត់, ប្រើប្រាស់ ហើយយើងនឹងរួបរួមគ្នាបន្តអភិវឌ្ឍទៅមុខទៀត សម្រាប់កូនខ្មែរ និងយោធិននៃកងយោធពលខេមរភូមិន្ទគ្រប់ៗជំនាន់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា សៀវភៅក្បាច់គុណកងយោធពលខេមរភូមិន្ទ គឺជាឯកសារមូលដ្ឋានគ្រឹះនៃមេរៀនក្បាច់គុន កងយោធពលខេមរភូមិន្ទ កើតឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដោយធ្វើសំយោគពីក្បាច់គុនបុរាណ របស់បុព្វបុរសខ្មែរ ក្រោមកិច្ចសហការ រវាងកងយោធពលខេមរភូមិន្ទ ជាមួយនឹងសហព័ន្ធយុទ្ធគុនបុរាណខ្មែរទាំងបី គឺសហព័ន្ធកីទ្បាគុនល្បុកតោកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធយុទ្ធក្រមខមកម្ពុជា។ សៀវភៅក្បាច់គុននេះ ជាឯកសារហ្វឹកហ្វឺនពិសេសមួយ ខុសពីឯកសារយុទ្ធវិធីដទៃទៀតត្រង់ថា ខ្លឹមសារសៀវភៅនេះពុំមានធាតុផ្សំពីបរទេសនោះឡើយ គឺកើតឡើងពីការខិតខំរៀបចំចងក្រង ដោយកូនខ្មែរសុទ្ធសាធ តាមរយៈការប្រមូលផ្តុំឯកសារបុរាណ និងសិល្បៈប្រយុទ្ធដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀនឱ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួន ជាមនុស្សប្រកបដោយវិន័យ និងគុណធម៌ថ្លៃថ្នូរ។ ចំពោះ កងយោធពលខេមរភូមិន្ទ ការហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ ដោយផ្អែកលើមូលដ្ឋានឯកសារ ដែលបានចងក្រងឡើងមកនេះ គឺមិនត្រឹមតែពង្រឹង បាននូវសមត្ថភាពប្រើប្រាស់យុទ្ធវិធី រួមផ្សំជាមួយក្បាច់គុន ក្នុងការបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សក្តិសមជាឆ្អឹងខ្នង ដ៏រឹងមាំនៃខឿនការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យក្បាច់គុនបុរាណ របស់បុព្វបុរសរស់រានមានជីវិតឡើងវិញ និងបង្កើតបានជាអត្តសញ្ញាណជាតិ និងអត្តសញ្ញាវប្បធម៌ សម្រាប់កងយោធពលខេមរភូមិន្ទ។

កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ។ វគ្គហ្វឹកហ្វឺនដែលកំពុងដំណើរការបិទនាពេលនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចំបាច់ ចំពោះមុខក្នុងការកសាងធនធានមនុស្សជាគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ បម្រើឱ្យការបំពេញភារកិច្ចបណ្តុះបណ្តាលបន្ត នៅតាមបណ្តាសាលាហ្វឹកហ្វឺន និងគ្រប់បណ្តាកងឯកភាពក្នុងកងយោធពលខេរមភូមិន្ទ៕