(ភ្នំពេញ)៖ មុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ តែងតែល្បួងនារីខារ៉ាអូខេ ទៅដេកផ្ទះសំណាក់ ហើយភ្ជង់ប្លន់យកគ្រឿងអលង្ការ និងសម្ភារៈ មានតម្លៃនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា តាមបង្ក្រាប និងចាប់ខ្លួនបានហើយ ក្រោយពីជននេះទើបតែលួងនារីរងគ្រោះម្នាក់ ទៅប្លន់កាលពីប៉ុន្មានថ្ងៃមុននេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនឈានដល់ការឃាត់ខ្លួននេះ គឺនៅវេលាម៉ោង១៖៥០នាទី យប់រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ ជនសង្ស័យបានល្បូងយកនារីរងគ្រោះ ទៅដេកនៅផ្ទះសំណាក់ហើយ ធ្វើសកម្មភាពយកកាំភ្លើងប្លន់ទៅលើរូបនាង​ ហើយនាងបានប្រទះឃើញ ដោយចៃដន្យនៅចំណុចភោជនីយដ្ឋាន «ហ្សង់វីហ្សេរ » ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក៏រាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមៗ ដោយដកហូតម៉ូតូ Duke មួយគ្រឿង និងកាំភ្លើងខ្លីមិនស្គាល់ម៉ាក មួយដើម។

ជនសង្ស័យមិនត្រូវបានសមត្ថកិច្ចបញ្ចេញ អត្តសញ្ញាណឡើយ ដោយបច្ចុប្បន្នជនរូបនេះ និងវត្ថុតាង ត្រូវបានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដើម្បីត្រៀមកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា នារីរងគ្រោះឈ្មោះ​ ស៊ុន​ សេរីសោភា​ អាយុ២៣ឆ្នាំ មុខរបរបម្រើការនៅហាង Karaoke​ ។ នារីរងគ្រោះបានរំលឹកថា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥​ ជនសង្ស័យបានបបួលនាងទៅគេងផ្ទះសំណាក់ តែបែរជាមិនទៅផ្ទះសំណាក់ បែរឌុបនាងយកទៅប្លន់តែម្តង គឺនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​ ។

នាងបានបន្តទៀតថាសម្ភារៈ ដែលបាត់បង់រួមមាន​លុយ​ ខ្សែករ​ ចិញ្ចៀន​ នាឡិការ​ និងទូរសព្ទ័ដៃមួយគ្រឿង។ ជនល្មើសមានឈ្មោះ​ ចៀន​ ថារ៉ូថេត អាយុ៣១ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ហើយបច្ចុប្បន្ន ស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕