(ស្វាយរៀង)៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា នៅពេលវិស្វករគ្រប់មុខជំនាញ បានចុះបញ្ជីហើយ ពួកគេនឹងទទួលបាននូវការបណ្តុះបណ្តាលពង្រឹងសមត្ថភាព បច្ចេកទេសគ្រប់ជំនាញ និងពង្រីកធនធានមនុស្សឱ្យស្របទៅតាម កាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត។

ការបញ្ជាក់បែបនេះ របស់លោក ហែម ពិសិដ្ឋ បានធ្វើឡើងក្នុងឱកាសដែលោកបានអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចំសិក្ខាសាលាស្តីពី «សារៈប្រយោជន៍ នៃការចុះបញ្ជីវិស្វករដំបូង វិស្វករអាជីព យុវវិស្វករអាស៊ាន វិស្វករអាស៊ាន វិស្វករអាជីពឆ្នើមអាស៊ាន គណៈវិស្វករកម្ពុជា» ដោយមានការចូលរួមពីលោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងលោក លោកស្រី អភិបាលក្រុង-ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានា រួមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តីរាជការនៃគណៈវិស្វករកម្ពុជាជាច្រើនរូប នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក ហែម ពិសិដ្ឋ បានថ្លែងថា ម៉្យាងទៀត ក៏ដើម្បីធានានូវការប្រកបវិជ្ជាជីវៈវិស្វកម្ម ឱ្យមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងផ្ទៃក្នុងល្អរវាងវិស្វករជាតិ និងអន្តរជាតិ។

លោក ហែម ពិសិដ្ឋ បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃអគ្គលេខាធិការគណៈវិស្វករកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងខេត្តស្វាយរៀង ទាំងមូល។

លោកបានឱ្យដឹងថា ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងបរិបទកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា បានអនុវត្តជាជំហ៊ានៗ នូវយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃសភាជាតិ ក្នុងនោះការកសាងសមត្ថភាពធនធានមនុស្ស ក៏ដូចជាការកសាងធនធានបញ្ញាវ័ន្តវិស្វករជាតិជាចម្បង។

លោកអភិបាលរងខេត្តបានបន្ថែមថា គណៈវិស្វករកម្ពុជា មានគោលបំណងចម្បងចំនួន២រួមមានទី១៖ ធ្វើឱ្យគុណភាពប្រតិបត្តិជំនាញ របស់វិស្វករជាតិ មានស្តង់ដា ដើម្បីឱ្យមានការទទួលស្គាល់គ្នាទៅវិញទៅមក រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ស្របទៅតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងទី២៖ ធ្វើឱ្យមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីទទួលបានឱកាសការងារទូលំទូលាយ និងចុះសម្រុងក្នុងសង្គម។

សូមជម្រាបថា ប្រទេសកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមកិច្ចព្រមព្រៀងរបស់សហគមន៍អាស៊ាន ក្នុងការទទួលស្គាល់គ្នាទៅវិញទៅ ក្រោមការត្រួតពិនិត្យ និងវាយតម្លៃរបស់គណៈកម្មាធិការចុះបញ្ជីវិស្វករអាស៊ាន៕