(កណ្តាល)៖ ស្មៀនឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក ឡេក ហឿន អាយុ៤៥ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការ ពីបទឆបោក កាលពីអំឡុងឆ្នាំ២០១៤ ។
ការឃាត់ខ្លួនជនត្រូវចោទរូបនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិអញ្ជែង ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលមូលដ្ឋានបានប្រាប់អង្គភាព Fresh News ថា ការចាប់ខ្លួនជននេះបានធ្វើឡើង ទៅតាមដីកាបញ្ជាឲ្យចាប់ខ្លួន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ពីបទឆបោកប្រព្រឹត្តនៅក្នុងភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាលកាលពីឆ្នាំ២០១៤។ នគរបាលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនជាប់ចោទត្រូវបានចាត់បញ្ជូនទៅកាន់ តុលាការដើម្បីធ្វើការសាកសួរទៅតាមនីតិវិធី ។
នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ ជនត្រូវចោទម្នាកពីបទឃាតកម្ម ក៏ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង និងកម្លាំងនគរបាលខេត្តកណ្តាល ក៏បានចាប់ខ្លួនផងដែរតាមអំណាចតុលាការ ស្ថិតភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជននេះមានឈ្មោះ សេក សួរ ភេទប្រុស ឆ្នាំកំណើត១៩៦៦ ទីកន្លែងកំណើតភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានលោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ចេញដីកាបញ្ជាឲ្យចាប់ខ្លួន ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ ពីបទឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២៧.០១.២០១១ នៅភូមិពានាផ្សារ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ៕