(ភ្នំពេញ)៖ ការអប់រំកូនៗ ពីវ័យកុមារភាពជារឿងដ៏ចំបាច់មួយដែលឪពុកម្ដាយគ្រប់រូប គួរតែយកចិត្ដទុកដាក់ ដោយសារតែទម្លាប់ និងឥរិយាបថល្អតាំងពីកុមារ ជាផ្នែកមួយ ដែលធ្វើឲ្យពួកគេមានការធំធាត់ល្អនាពេលពេញវ័យ ដូចនេះមាតាបិតាគួរតែចំណាយពេល ក្នុងការរៀបគំរោងសម្រាប់ការចិញ្ចឹមបីបាច់ និងអប់រំកូនដែលមានលក្ខណៈ ស្របទៅតាមអត្ដចរិក ការលូតលាស់ និងតម្រូវការរបស់ពួកគេ។

ដើម្បីបង្កើតទម្លាប់និងឥរិយាបថល្អសម្រាប់កុមារ ឪពុកម្ដាយអាចចំណាយពេលនិងបង្កើតសកម្មភាពមួយចំនួនជាមួយកូនៗ ឲ្យបានច្រើនជាងមុនដើម្បីបណ្ដុះទម្លាប់ ក្នុងការរស់នៅ រៀនសូត្រ និងបន្ថែមការយល់ដឹងរបស់ពួកគេតាមរយៈការបង្កើតទម្លាប់សម្រាប់កូនក្នុងការអាន និងស្ដាប់ឱ្យបានច្រើន ដើម្បីឱ្យកុមារមានទម្លាប់អានអក្សរ មានការយល់ដឹងគ្រប់គ្រាន់ក្នុងការស្ដាប់ និងស្វែងយល់បានល្អ។ បន្ថែមពីនេះទៅទៀត ឪពុកម្ដាយក៏អាចបង្កើតទម្លាប់ល្អមួយទៀតដោយការបង្រៀនកូនៗឱ្យចេះធ្វើ ការងារផ្ទះ ឬចាប់ផ្ដើមសកម្មភាពមួយចំនួនដូចជាច្នៃរបស់ប្រើប្រាស់ចាស់ៗ ដើម្បីបង្កើតការយល់ដឹងពីភាពច្នៃប្រឌិត ភាពអត់ធ្មត់ ភាពឧស្សាហ៍ព្យាយាមរបស់ពួកគេ និងការសម្របទៅតាមបរិយាកាសជុំវិញខ្លួនផងដែរ។

ដើម្បីទទួលបានគន្លឹះសំខាន់ៗបន្ថែមក្នុងការបណ្ដុះទម្លាប់ និងឥរិយាបថល្អសម្រាប់កុមារ លោក LIM Daw Shyan នាយកវិទ្យាល័យនៅសាលាអន្ដរជាតិ SCIA នឹងផ្ដល់វត្ដមានចូលរួមធ្វើបទបង្ហាញចែករំលែកទៅកាន់មាតាបិតាក្រោមប្រធានបទ៖ «Instilling Good Habits and Manners from Young Age» នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងសាលាអន្ដរជាតិ SCIA ដោយផ្ទាល់។ បន្ថែមពីនេះសិក្ខាសាលាស្ដីពី «វិធីសាស្ត្រក្នុងការចិញ្ចឹមកូន» នឹងនាំមកនូវព័ត៌មានសំខាន់ៗលើបញ្ហាចោទ និងដំណោះស្រាយ លើការចិញ្ចឹមបីបាច់កូនដោយមានការចូលរួមពីវាគ្មិនកិត្ដិយសផ្សេងទៀត ដែលមានបទពិសោធន៍ជាច្រើនឆ្នាំដូចជា លោក ហឿ សេធុល អ្នកចិត្ដសាស្ដ្រដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងលោក គឹម អាង ដែលជាសាស្ដ្រាចារ្យឯកទេសរោគកុមារ AFSA ពីប្រទេសបារាំង IPPC ពីប្រទេសអូស្ដ្រាលី។

ក្រៅពីវិធីសាស្ដ្រក្នុងការបង្កើតទម្លាប់និងឥរិយាបថល្អរបស់កូនអ្នក សិក្ខាសាលានេះនឹងចែករំលែកនូវប្រធានបទសំខាន់ៗផ្សេងទៀតដូចជា៖ ការយល់ដឹងពីការវិវឌ្ឍ តម្រូវការនិងចំណង់ចំណូលចិត្ដកូន ដោះស្រាយបញ្ហាកូនរឹងមិនស្ដាប់បង្គាប់ វិធីសាស្ដ្របង្កើនភាពឆ្លាតវៃ និងគំនិតច្នៃប្រឌិតរបស់កូន វិធីសាស្រ្ដដោះស្រាយ និងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិច រួមជាមួយការបង្កើនទំនាក់ទំនងល្អនិងទំនុកចិត្ដរបស់កូនអ្នក។ ក្រៅពីយល់ដឹងពីការបង្កើតទម្លាប់ល្អ ការវិវឌ្ឍ និងបញ្ហាចោទផ្សេងៗ មាតាបិតាក៏អាចយល់ដឹងពីការលូតលាស់របស់កុមារ តាមរយៈអាហារូបត្ថម្ភសំរាប់ការអភិវឌ្ឍន៍ និងការយល់ដឹងរបស់ពួកគេថែមទៀតផង។

គួរបញ្ជាក់ផងដែរថាសិក្ខាសាលាស្ដីពី «វិធីសាស្ត្រក្នុងការចិញ្ចឹមកូន» នឹងធ្វើឡើងនៅទីតាំងសាលាអន្ដរជាតិធំចំនួន១០ក្នុងរាជធានីភ្នំពេញ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ។ សម្រាប់មាតាបិតាដែលចាប់អារម្មណ៍ អាចចូលរួមដោយសេរី ដោយគ្រាន់តែចុះឈ្មោះតាមរយៈបារកូដខាងក្រោម ឬតំណភ្ជាប់ខាងក្រោម៖ https://forms.gle/yC7kar6sSiDaP1VG6 ឬតាមរយៈលេខ ០១២ ២៣០ ១៤០ / ០១០ ៩១១ ៧៧៦៕