(កំពង់ឆ្នាំង)៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា លើរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ក្បាច់គុនល្បុក្កតោកម្ពុជា, ល្ខោនខោល និងឈុតចម្បាំងសម័យលង្វែក ត្រូវបានលើកយកមកសម្តែង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីសីល្បៈបុរាណរបស់ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ នៅនៅទីក្រុងព័រល្វី នៃសាធារណរដ្ឋម៉ូរី ដែលគិតរហូតមកដល់ពេលនេះ គឺមានអាយុជាងមួយឆ្នាំហើយ។

ការបើកសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងល្ខោនខោលនេះ ត្រូវបានធ្វើឡើងនៅដើមសប្តាហ៍នេះ ក្រោមវត្តមានសម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជរាំង នៅសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំង ដែលបានរៀបចំដោយក្រុមការងារ បណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងដឹកនាំដោយលោកគ្រូតាក្រមាមាស សាន គឹមស៊ាន។

គោលបំណង នៃការសម្តែងនេះមាន២យ៉ាង រួមមានទី១៖ ចូលរួមអបអរសាទរថ្ងៃបុណ្យខួបកំណើតទី២ របស់យើងទាំងអស់គ្នា និងទី២៖ ផ្សព្វផ្សាយអំពីកេរមរតកវប្បធម៌ជាតិ ដែលដូនតាខ្មែរបានបន្សល់ទុកជូនកូនចៅជំនាន់ក្រោយ។

បើតាមលោក ហ៊ុល ប៊ុនថា អនុប្រធានទី១ នៃគណៈកម្មាធិការកិត្តិយសបណ្ឌិតសភាល្បុក្កតោកម្ពុជា បានបញ្ជាក់ថា ការចូលរួមសម្តែង នៅថ្ងៃ០៧ មករានេះ គឺដើម្បីបង្ហាញជូនមហាជនអំពីសេចក្តី សោមនស្សរីករាយ និងការសាទរចំពោះទិវាជាប្រវត្តិសាស្រ្តដែលបានចារឹកក្នុងក្រអៅបេះដូង របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា បើមិនមានថ្ងៃជ័យជម្នះ ៧ មករា ទេ នោះកម្ពុជាក៏មិនមានអ្វីៗដូចសព្វថ្ងៃនេះដែរ ហើយជនណាដែលរមិលគុណ ឬប្រឆាំងនឹងថ្ងៃ០៧ មករា គឺសុទ្ធជាពួកទមិឡតិរច្ឆានទាំងអស់ ដែលនឹងត្រូវទេព្តាបរាមុខជាក់ជាមិនខានឡើយ។

ដឹកនាំក្រុមសម្តែងសីល្បៈល្ខោនខោល ដោយលោក ស៊ុប ស័ក្ខរា នាយកសាលាហ៊្វូណន និងកញ្ញា ពេជ ចរណៃ ជាសីល្បការនីដ៏ល្បីម្នាក់ និងជាគ្រូគុនល្បុក្កតោបឋម នៃបណ្ឌិតសភាល្បុក្កតោកម្ពុជា ដឹកនាំសម្តែងក្បាច់ប្រយុទ្ធរបស់គុនល្បុក្កតោ ព្រមទាំងមានការបង្ហាញម៉ូត សម្លៀកបំពាក់ឈុតមេទ័ពសម័យលង្វែក ដែលបានរៀបចំដោយលោក ទួន សុជាតិ សមាជិកបណ្ឌិតសភាគុន ល្បុក្កតោកម្ពុជា។ ការសម្តែងក្បាច់គុនល្បុក្កតោវិញ គឺចង់បង្ហាញជូនអំពីយុគសម័យដ៏រុងរឿងរបស់អាណាចក្រខ្មែរ ដែលនៅសម័យនោះ ដែលក្បាច់គុនល្បុក្កតោ ត្រូវបានព្រះមហាក្សត្រលើកតម្កើង និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយព្រះអង្គបានដាក់គុនល្បុក្កតោ ជាលក្ខខណ្ឌតម្រូវចាំបាច់បំផុតសម្រាប់កងទ័ពខ្មែរទាំងអស់ ហ្វឹកហាត់ត្រៀមប្រយុទ្ធ។

ឯអត្ថន័យនៃពាក្យល្បុក្កតោវិញគឺជាបន្សំនៃពាក្យ ល្បុក្ក និង តោ ដែលល្បុកមានន័យថា បុក វាយរុញ ឬដាល់ឯតោវិញមានន័យថា ជាស្តេចសត្វមហាកម្លាំង ឬមហាថាមពល។ បើនិយាយពីសំណុំនៃក្បាច់គុនល្បុក្កតោ មានមេគុនជាច្រើនដូចជា មេគុនដំរីបួង ក្រពើហារ ខ្លាក្រាប នាគព័ន្ធ ស្រងែពែន ឈៀងកន្តៀត កិន្នរកាច់ផ្កា។ល។ ហើយក្បាច់គុនទាំងនេះក៏មានក្បាច់ដែលអាចប្រើប្រាស់ ជាមួយអាវុធគ្រប់ប្រភេទបានមានដូចជា៖ ដំបងវែង ដំបងខ្លី លំពែង ដាវទោល ដាវភ្លោះ ខែល ជាដើម។

ជាមួយគ្នានេះដែរ ភស្តុតាងជាងស្តែងនៅលើប្រាង្គប្រាសាទអង្គរវត្ត បានបង្ហាញថា ក្បាច់គុនល្បុក្កតោខ្មែរជាក្បូនតម្រាប្រយុទ្ធ របស់កងទ័ពខ្មែរ នាសម័យនោះ ដែលដូនតារបស់យើងបានសំយោគនូវចលនាប្រយុទ្ធរបស់សត្វ និងកែសម្រួលជាក្បួនយុទ្ធសាស្រ្ត ក្នុងការធ្វើសឹកសង្គ្រាម ព្រមទាំងមានថែមបញ្ចូលនូវមន្តអាគម គាថា ឬបាលីវេទមន្តជាដើមដែលទាមទារឱ្យអ្នកហ្វឹកហាត់ ត្រូវមានកាយសម្បទាររឹងមាំ និងសតិបញ្ញាគ្រប់គ្រាន់ទើបអាចហាត់គុននេះបាន។ ក្រោមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសយើងទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យដោយមានរាប់បញ្ជូលទាំងវិស័យកីឡាផងដែរ។

សម្រាប់ខេត្តកំពង់ឆ្នាំង ជាពិសេសកីឡាគុនល្បុក្កតោមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដោយមានសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករដូចជា នៅសាលាបឋមសិក្សាគំរូក្រុងមានសិស្សគុនចំនួន៣.៧០០នាក់ កំពុងហ្វឹកហាត់រៀងរាល់ថ្ងៃសៅរ៍ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ គិរីសុវណ្ណវង្ស មានសិស្សគុនចំនួន១.៨០០នាក់ កំពុងហ្វឹកហាត់នៅរៀងរាល់ថ្ងៃសុក្រ។ ឯគ្រូបង្ហាត់មានចំនួន៨នាក់ មកពីសាលាគុនល្បុក្កតោ តាដំបងដែក របស់លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ អ៊ុ យ៉ុម ដែលលោកព្រឹទ្ធាចារ្យ ជាសមាជិកបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងមានតួនាទីជាប្រធានសមាគមកីឡាគុនល្បុក្កតោប្រចាំខេត្តកំពង់ឆ្នាំង ផងដែរ។

សូមបញ្ជាក់ជូនផងដែរថា គ្រូបង្ហាត់ទាំង៨រូបនេះ បានទទួលការបណ្តុះបណ្តាលត្រឹមត្រូវពីបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា ដែលការបង្ហាត់បង្រៀន នៅបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា គឺដើម្បីធានាបានថា ក្បាច់គុន ឬស្នៀតដែលបង្ហាត់សិស្សត្រឹមត្រូវតាមក្បួនខ្នាត ដែលត្រូវអភិរក្ស ដើម្បីរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិ ដែលកម្ពុជាកំពុងតែដាក់ស្នើសុំចុះបញ្ជីជាបេតិភណ្ឌអរូបី របស់មនុស្សជាតិនៅអង្គការយូនេស្កូ។

ក្នុងឱកាសសម្តែងនេះដែរ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន បានថ្លែងជម្រាបជូនភ្ញៀវកិត្តិយសដែលចូលរួមទស្សនាដោយម៉ឺងម៉ាត់ថា លោកគ្រូតាសូមអរគុណសន្តិភាព ដែលផ្តើមចេញពីថ្ងៃជ័យជំនះ០៧ មករា នេះ បើមិនមានថ្ងៃ០៧ មករាទេ នោះក៏គ្មានក្បាច់គុនល្បុក្កតោដែរ ព្រោះថាសូម្បីតែជីវិតលោកតាក៏រក្សាមិនគង់ផង តើលោកតាអាចនឹងគាស់កកាយយកក្បាច់គុនល្បុក្កតោ សម្រាប់ទុកជាកេរមរតកកូនខ្មែរជំនាន់ក្រោយ ម្តេចនឹងកើតទៅ? ក្បាច់គុនល្បុក្កតោ របស់យើងបានចុះបញ្ជី ជាបេតិភណ្ឌរបស់ជាតិ ក្នុងឆ្នាំ២០១២ ហើយត្រូវបានបំពេញសំណុំឯកសារតាមនីតិវិធី ដើម្បីដាក់ស្នើសុំទៅអង្គការ UNESCO បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីយ៍ របស់មនុស្សជាតិ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ក្បាច់គុនល្បុក្កតោរបស់យើងនឹងត្រូវបានអង្គការមួយនេះទទួលស្គាល់ និងចាត់បញ្ចូលជាសម្បត្តិបេតិភណ្ឌអរូបិយ៍ នៃមនុស្សជាតិក្នុងឆ្នាំនេះ។

លោក ហ៊ុល ប៊ុនថា បានបញ្ជាក់ថា ខ្មែរយើងសំណាងណាស់ដែលមានក្បាច់គុនខ្លួនឯង ហើយមានវ័យចំណាស់បំផុតធៀប នឹងក្បាច់គុនអន្តរជាតិ ផ្សេងទៀតដូចជា៖ ការ៉ាត់តេ តៃក្វាន់ដូ ហាប់គីដូ ។ល។ លទ្ធផលនេះអាចសម្រេចបាន គឺដោយសារមាន លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ជាអ្នកគាស់កកាយកេរមរតកដូនតាដែលបានកប់បាត់យ៉ាងជ្រៅរាប់ពាន់ឆ្នាំ ឱ្យរស់រានសារជាថ្មី។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបសូមអរគុណសន្តិភាព និងសូមជ្រកក្រោមម្លប់នៃសន្តិភាពក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោសែនជារៀងរហូត។
សូមប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមអភិរក្ស និងអភិវឌ្ឍក្បាច់គុនល្បុក្កតោឱ្យបាននៅស្ថិតស្ថេរជាអមតៈសម្រាប់ជាកេរមរតករបស់កូនខ្មែរគ្រប់ជំនាន់ និងបានល្បីល្បាញលើពិភពលោក៕