(ភ្នំពេញ)៖ លោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងព្យាបាល ដោយឥតគិតថ្លៃនៅគ្លីនិកពេទ្យភ្នែក ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គម្រោងនេះរៀបចំដោយ អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងការអភិវឌ្ឍ សហការជាមួយពេទ្យភ្នែកកម្ពុជា ក្រោមការឧបត្ថម្ភរបស់អង្គការ សប្បុរសធម៌ អាន់ណាហ្ចះ ប្រទេសគូវ៉េត ដែលមានអ្នកជំងឺភ្នែកមកទទួលសេវាព្យាបាល ចំនួន២៥០នាក់ មកពីបណ្តាខេត្តមួយចំនួន និងរាជាធានីភ្នំពេញ។

មានមតិសំណេះសំណាល លោក សាន់ សាប់អី បានថ្លែងអំរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត រ៉ូសម៉ាន សះរី ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ លោក ហ្វាហាត់ អាត់ដាប៊ូស តំណាងអង្គការសប្បុរសធម៌ អាន់ណាហ្ចះ ប្រទេសគូវ៉េត និងលោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន ប្រធានពេទ្យភ្នែកកម្ពុជា ដែលបានសហការគ្នាបង្កើតឲ្យមានគម្រងនេះឡើង។ នេះគឺជាការរួមចំណែកមួយដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ជាពិសេស បានជួយព្យាបាលជូនពុកម៉ែបងប្អូន ដែលលោកពុំមានលទ្ធភាពព្យាបាល។

លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនដែលមានបញ្ហាភ្នែក សូមមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃនេះ ដោយគ្មានការភ័យខ្លាចអ្វីឲ្យសោះ សង្ឃឹមថា ក្រោយពីការវេះកាត់ព្យាបាលពីគ្រូពេទ្យជំនាញ ពុកម៉ែបងប្អូននឹងបានមើលឃើញឡើងវិញ ហើយនឹងបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាល នៃប្រទេសជាតិយើង ដែលកំពុងតែមានការអភិវឌ្ឍក្រោមដំបូលសន្តិភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរបាយការណ៍លោកបណ្ឌិត រ៉ូសម៉ាន សះរី បានឲ្យដឹងថា អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ បានធ្វើប្រតិបត្តិការមនុស្សធម៌នៅប្រទេសកម្ពុជា អស់រយៈពេល៤ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០១៤ មកម្លេះ។

លោកបន្តថា ក្រៅពីសកម្មភាពលើវិស័យសុខាភិបាល ក៏មានសកម្មភាពមនុស្សធម៌មួយចំនួនផ្សេងទៀតមានដូចជា ផ្តល់អាហាររូបករណ៍ដល់និស្សិត សាកលវិទ្យាល័យ បន្តការសិក្សានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើផ្ទះ និងឧបត្ថម្ភថវិកាជូនគ្រូបង្រៀន ជនក្រីក្រ ធ្វើអណ្តូងទឹក បង្គន់អនាម័យ កម្មវិធីគួរហ្ពាន មជ្ឈមណ្ឌលសិក្សា ផ្តល់កញ្ចប់អាហារស្រាយបួស គឿងឧភាគបរិភោគ និងផ្សេងៗជាច្រើនទៀត៕