(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមអ្នករកសីុរថយន្តបែនដឹកដី ដឹកថ្ម និងដឹកខ្សាច់ បាននាំគ្នាតវ៉ា ជាទ្រង់ទ្រាយធំ តាមរយ:យករថយន្តរបស់ពួកគេ ទៅបិទផ្លូវជាតិ លេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដោយទាមទារទៅអាជ្ញាធរ អនុគ្រោះជូនពួកគេ តាមរយ:ឲ្យបង់ពន្ធជូនរដ្ឋ ប៉ុន្តែមិនដូរចង្កូត ពីស្តាំទៅឆ្វេង ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានប្រាប់អង្គភាព Fresh News ថា សម្រាប់ផ្លូវជាតិលេខ៣ ពួកគាត់ បាននាំគ្នាយករថយន្ត ជាង១០០គ្រឿង មកបិទកាត់ទទឹងផ្លូវ ស្ថិតនៅទុលមុខការ៉ាសាំង លឹម ឡុង សង្កាត់ចោមចៅ ដោយមិនអាចធ្វើដំណើរឆ្លងកាត់បាន បណ្តាលឲ្យមានការកកស្ទះចរាចរណ៏យ៉ាងខ្លាំង ។ ប៉ុន្តែនៅពេលនេះ អាជ្ញាធរខណ្ឌ បាននិងកំពុងទៅជួយអន្តរាគមន៏ ដោះស្រាយជូនហើយ ។

ដោយឡែក លោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ ក៏បានបញ្ជាក់ផងដែរ មានអ្នករកសីុ រថយន្តដឹកដី ដឹកថ្ម និងដឹកខ្សាច់ បានយករថយន្ត ចំនួន៨គ្រឿង មកបិទ ផ្លូវជាតិលេខ១ នៅសង្កាត់ក្បាលកោះ ប៉ុន្តែ ពួកគាត់គ្រាន់តែយករថយន្ត មកដាក់នៅតាមចិញ្ចឹមផ្លូវ តែប៉ុណ្ណោះ ក្រោយលោក បានណែនាំ និងសុំការយោគយល់ កុំឲ្យស្ទះចរាចររបស់អ្នកដំណើរ   ហើយដាក់ញាតិត្រឹមត្រូវ ទៅអាជ្ញាធរ និងភាគីពាក់ព័ន្ធ។

សម្រាប់ផ្លូវជាតិលេខ២ ត្រង់សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ វិញ ត្រូវបានលោក ជឹម សីុថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា មានរថយន្ត ប្រមាណ៣០គ្រឿង ត្រូវបានបិទ ដើម្បីតវ៉ាផងដែរ។

យ៉ាងណាក៏ដោយ នៅពេលនេះ អាជ្ញាធរខណ្ឌពាក់ព័ន្ធ បាននិងកំពុងជួយដោះស្រាយ ហើយ ៕

 

Posted by Fresh News Photo on Tuesday, December 22, 2015

 

Posted by Fresh News Photo on Tuesday, December 22, 2015


រូបភាពខាងក្រោម៖ អ្នករកសីុ រថយន្តដឹកដី ដឹកថ្ម និងដឹកខ្សាច់ បានយករថយន្ត ចំនួន៨គ្រឿង មកបិទ ផ្លូវជាតិលេខ១