(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រដល់ នយោបាយការបរទេសរបស់សម្តេចនាពេលកន្លងមក ដើម្បីនាំមកនូវប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។ នយោបាយការបរទេស ដែលសម្តេចតេជោ សំដៅដល់នាពេលនេះ គឺការបញ្ជូនកងទ័ពកម្ពុជា ក្រោមទង់របស់អង្គការសហប្រជាជាតិ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ និងស្វែងរកសន្តិភាព នៅតាមបណ្តាប្រទេសកំពុងជួបសង្រ្គាម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះថា «ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍ មកជួយស្វែងរកសន្តិភាពនៅកម្ពុជាក្រោមឈ្មោះថា អ៊ុនតាក់ (UNTAC) ។ ឆ្នាំ២០០៦ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណា ខ្ញុំបានសម្រេចចិត្តខាងនយោបាយដ៏មានសារៈសំខាន់មួយ គឺបញ្ជូនកងទ័ពកម្ពុជាឲ្យ ពាក់មួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសនានាលើសកលលោកវិញ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅក្នុងអតីតកាលមានជនជាតិកម្ពុជាមួយចំនួនធ្លាប់បានកាន់អាវុធទៅប្រទេសក្រៅដូចជា អាល់ហ្សេរី ម៉ារ៉ុក តែទៅពេលនោះ គឺក្នុងឋានៈជាទាហានបារាំង ព្រោះប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង។
តែសម្រាប់បច្ចុប្បន្នវិញ ទាំងកងទ័ព អាវុធហត្ថ គ្រូពេទ្យ និង អ្នកបច្ចេកទេសកម្ពុជា ដែលបាននិងកំពុងប្រតិបត្តិការនៅ ស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល កោះស៊ីព្រ គឺសុទ្ធតែជាកម្លាំងរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យ អធិបតេយ្យភាព និងជាសមាជិកអង្គការសហប្រជាជាតិ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអរគុណចំពោះព្រះសង្ឃ និងជនរួមជាតិ ដែលបានគាំទ្រដល់នយោបាយការបរទេសរបស់សម្តេច បានដាក់ចេញ និងអរគុណចំពោះយុទ្ធជនយុទ្ធនារី ដែលបាននិងកំពុងបំពេញភារកិច្ចប្រកបដោយសេចក្ដីក្លាហាន និងការទទួលខុសត្រូវ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃយុទ្ធជន ដែលបានពលីជីវិតកន្លងមកផងដែរ៕