(ភ្នំពេញ)៖ ក្នុង១ឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ ៦៥% ជាសំណល់សររីរាង្គ ២០% ជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត ហើយក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតជាដើម។ នេះជាការបញ្ជាក់របស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រធានបទវឌ្ឍនភាពការងារក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា បរិមាណសំរាមសរុបដែលបានបង្កើតឡើងនៅកម្ពុជាគឺជាង ១ម៉ឺនតោននៅក្នុង១ថ្ងៃ និងសរុប កម្ពុជាបង្កើតមានសំរាមប្រមាណជិត ៤លានតោនក្នុងមួយឆ្នាំ ហើយអាត្រាកំណើននៃសំរាមនៅកម្ពុជាមានប្រមាណ ១៥% ក្នុងមួយឆ្នាំផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការកើនឡើងនៃបរិមាណសំរាម គឺដោយសារតែមានកំណើនប្រជាពលរដ្ឋ កំណើននៃការប្រើប្រាស់ទំនិញច្រើន ឥរិយាបថនៃការវេចខ្ចប់ទំនិញរបស់ប្រជាបលរដ្ឋមានការផ្លាស់ប្តូរ ការញែកសំរាមតាមប្រភេទនៅមានតិចតួចនៅឡើយ និងការកែច្នៃសំណល់ឡើងវិញនៅមានកម្រិត។ ការកើនឡើងនូវបរិមាណសំរាមនេះ សំណល់រឹងពីមួយឆ្នាំទៅមួយឆ្នាំបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់គុណភាពបរិស្ថាន សុខភាពសាធារណៈ និងការបាត់ បង់សោភ័ណភាពទីប្រជុំជនរាជធានី ក្រុង ស្រុក ខណៈការអនុវត្តជាក់ស្តែងលើការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជាបច្ចុប្បន្ន ជាទូទៅនៅជួបប្រទះឧបសគ្គជាច្រើនដែលអាចបង្កផល ប៉ះពាល់នាពេលអនាគត»

បើតាម លោក នេត្រ ភក្រ្តា, ទោះជាមានបញ្ហាប្រឈមខ្លះ ស្ថានភាពគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជននៅទូទាំងប្រទេសនាឆ្នាំ២០១៩កន្លងទៅ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាអនាម័យបរិស្ថាន ការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ដែលបានបង្កើតនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ជាពិសេសនៅតាមទីប្រជុំជនក្រុងមានការបោសសម្អាតបានល្អតាមដងផ្លូវ សួនច្បារសំខាន់ៗ និងបានបំបាត់គំនរសំរាមអនាធិបតេយ្យ មួយចំនួនដែលមានក្នុងទីប្រជុំជនក្រុងនាពេលកន្លងមក។ ជាមួយគ្នានេះ បានចុះត្រួតពិនិត្យ និងប្រមូលទិន្នន័យទាក់ទងការគ្រប់គ្រងសំណល់រឹងប្រចាំឆ្នាំពីទីលានចាក់សំរាមចំនួន ១០៦ នៅទូទាំងប្រទេស។

ទិន្នន័យឆ្នាំ២០១៨ បង្ហាញថា សំណល់រឹងដែលបានប្រមូលចាក់នៅទីលានសរុបប្រមាណជាង ១,៧ លានតោន ធៀបនឹងឆ្នាំ២០១៧ កើនឡើង ជាង ២០សែនតោន ហើយមានកំណើន ៥៦,៩% ធៀបនឹងឆ្នាំ២០១៤ មានត្រឹម ៣១៧ ៥៥០ តោនប៉ុណ្ណោះ។ រហូតមកដល់ចុងឆ្នាំ២០១៨ ស្ថានភាពគ្រប់គ្រងទីលានទូទាំងក្រុង ស្រុកគោលដៅ ស្ថិតក្នុងសភាពពុំទាន់ល្អប្រសើរនៅឡើយ ដោយស្រុកចំនួន ៧៩ នៅពុំទាន់មានទីលាន ក្រុងស្រុកដែលមានទីលាន មានតែ ៥៧,២% ហើយក្រុងស្រុកដែលមានទីលានបម្រុងមានត្រឹមតែ ៦,៤% ប៉ុណ្ណោះ។

លោកបញ្ជាក់បន្តថា៖ «ដូច្នេះដើម្បីធានាបាននូវការគ្រប់គ្រងសំណល់ឱ្យមានប្រសិទ្ធភាព ជៀសផុតពីការបំពុលបរិស្ថាន និងសុខភាពសាធារណៈចាំបាច់តម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែម ក្នុងការបង្កើតទីលានឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស និងបរិមាណសំណល់ដែលបានបង្កើតប្រចាំថ្ងៃ និងត្រូវមានការត្រៀមដីបម្រុងទុកសម្រាប់ពង្រីកទីលានបន្ថែមទៅតាមតម្រូវការជាក់ស្តែង។ ទីលានចាក់សំរាមភាគច្រើនមានទំហំតូចនិងអាចដាក់បរិមាណសំណល់តិចតួច»

ក្នុងការគាំទ្រដល់ការប្រគល់មុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនទៅរដ្ឋបាលរាជធានី ក្រុង រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មមុខងារនេះពីរដ្ឋបាលរាជធានីទៅរដ្ឋបាលខណ្ឌ និងបានផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលក្រុងនៅទូទាំងប្រទេសតាមរយៈអនុក្រឹត្យ ១១៣ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាននៅឆ្នាំ២០១៥ តាម រយៈក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុចំនួន ៥.០០០លានរៀល សម្រាប់អនុវត្តមុខងារគ្រប់គ្រងសំណល់រឹងរាវនៅទីក្រុងទាំង២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្រាប់ឆ្នាំ២០១៦ និង២០១៧ និង២០១៨ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានផ្តល់កញ្ចប់ថវិកានេះរហូតដល់ ៨.០០០លានរៀល/ឆ្នាំ។ ការផ្តល់កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន អនុឡោមតាមប្រកាសអន្តរក្រសួងលេខ៖ ០៧៣ ប្រ.ក.ប.ស្ថ ស្តីពីការប្រើប្រាស់កញ្ចប់ ថវិកាសេវាអនាម័យបរិស្ថាន សម្រាប់អនុវត្តមុខងារគ្រប់គ្រងសំណល់រឹងរាវ តាមទីប្រជុំជនក្រុងរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ។

លទ្ធផលអនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន៖ ទី១៖ ការប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជននៅតាមក្រុងស្រុកគោលដៅមួយចំនួនបានល្អប្រសើរជាងមុន ទី២៖ រដ្ឋបាលខេត្ត ស្រុកមួយចំនួនបានរៀបចំផែនការគ្រប់គ្រងកញ្ចប់ថវិកាសេវាអនាម័យបរិស្ថានបានច្បាស់លាស់។ ទី៣៖ ក្រុងភាគច្រើនបានអនុវត្តល្អ ដោយមានកិច្ចសហការគ្នារវាងអង្គភាពពាក់ព័ន្ធ មានឯកសារ គ្រប់គ្រាន់ មានយន្តការតាមដានការអនុវត្តផ្លូវការ (មានរបាយការណ៍) និងការចែកចាយ និងផ្សព្វផ្សាយបានទូលំទូលាយដល់ក្រុមពាក់ព័ន្ធទាំងអស់។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា៖ «ជាមួយគ្នានេះដើម្បីដោះស្រាយបន្ទាន់លើការកកស្ទះសំរាម ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាមរហូតមកទល់ពេលនេះមានចំនួនជាង ១០ គ្រឿងនៅតាមស្រុកនានាដែលមានទីលានចាក់សំរាមនៅឆ្ងាយ។ ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់មធ្យោបាយដឹកជញ្ជូនសំរាមដល់អាជ្ញាធរពាក់ព័ន្ធផងដែរ។ ក្រសួងក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិដែលបានរៀបចំ យន្តការ និងអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អក្នុងការគ្រប់គ្រងសំរាម សំណល់រឹងក្នុងដែនដីរបស់ ខ្លួន។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនឯកជនមួយចំនួន ដែលបានចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លួវថ្នល់នៅរាជធានីភ្នំពេញ នៅខេត្តសៀមរាបជាដើម និងក្រុមហ៊ុនខ្លះបានបំពាក់សម្ភារៈទំនើបប្រមូល ដឹកជញ្ជូន ស្តុកទុក និង ដុតកំទេចសំណល់ឧស្សាហកម្ម គឺឡ អេកូសាយខល របស់ក្រុមហ៊ុនជីប ម៉ុង មានសមត្ថភាពដុតកម្ទេចសំណល់ឧស្សាហកម្មក្នុងបរិមាណ ១០តោនក្នុងមួយម៉ោង ឬ ២៤០តោនក្នុង ១ ថ្ងៃ ឬក៏ជាង ៧០០០ តោនក្នុង១ខែ»

អតីតអ្នកសារព័ត៌មានឆ្នើម លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាដកអាជ្ញាបណ្ណទទួលសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី នៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំតាក់តែងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងគោលបំណងពង្រឹងនិងដោះស្រាយបញ្ហា គ្រប់គ្រងសំរាម សំណល់ទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពបរិស្ថាន ពោលគឺធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសដែលមានសោភ័ណភាព បរិស្ថានស្អាត និងអនាម័យល្អប្រកបដោយ ភាពទាក់ទាញ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការបំពុលបរិស្ថានដែលកើតចេញពីការការីកចម្រើននៃសេដ្ឋកិច្ច និងពីការអភិវឌ្ឍដែលកម្ពុជាមាន៕