(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជីវករផ្សារលើខេត្តកំពង់ឆ្នាំងជាច្រើននាក់ បានស្នើសុំអន្តរាគមន៍ពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឲ្យមានចំណាត់ ការលើអ្នកលក់ដូរដែលយកចិញ្ចើមផ្លូវសាធារណៈ ក្រោយការលក់ដូរក្នុងផ្សារកាន់តែស្ងាត់ទៅៗ រហូតដល់ថ្ងៃខ្លះលក់ មិនបានមួយរៀលផង ដោយសារតែគេទិញនៅខាងក្រៅផ្សារ។

អាជីវករផ្សារលើ បានបន្តថា កាលពីមុន មិនធ្លាប់ស្ងាត់ភ្ញៀវចេញចូលទិញទំនិញក្នុងផ្សារ ដូចបច្ចុប្បន្ននេះទេ ក៏ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ភ្ញៀវដែលចេញចូលក្នុងផ្សារលើបែរជាស្ងាត់ទៅៗ ព្រោះតែមានអ្នកលក់ដូរខោអាវ ស្បែកជើង កាបូប ខ្សែក្រវ៉ាត់ ផ្លែឈើ និងរបស់របរផ្សេងៗទៀត ដាក់លក់នៅខាងក្រៅផ្សារតាមផ្លូវសាធារណៈ ក្នុងក្រុងកំពង់ឆ្នាំង យ៉ាងអនាធិបតេយ្យ ដោយមិនមានការយកចិត្តទុកដាក់រៀបចំ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ក្រុមអាជិវករចាត់ទុកថា សកម្មភាពបែបនេះធ្វើឲ្យប៉ះពាល់ដល់ការលក់ដូររបស់អាជីវករ ក្នុងផ្សារយ៉ាងធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឡែកនៅខាងមុខផ្សារ និងជុំវិញផ្សារលើវិញ គ្មានចំណតរថយន្តត្រឹមត្រូវដោយសារតែចំណតទាំងនោះ ត្រូវបានឲ្យគេលក់ដូរឥតសណ្តាប់ធ្នាប់អស់ហើយ។ ម្យ៉ាងវិញទៀត ជាញឹកញាប់ ក្រុមអាជីវរករចល័ត ដើរលក់ឥវ៉ាន់តាមខេត្ត បានមកបើកផ្សារតាំងលក់ទាំងយប់ទាំងថ្ងៃ ចាប់ពី១អាទិត្យទៅកន្លះខែ ធ្វើឲ្យអាជីវករក្នុងផ្សារដែលប្រកបមុខរបរសុច្ចរឹត ត្រឹមត្រូវ បង់ពន្ធ បង់ភាស៊ី រៀងរាល់ខែ រៀងរាល់ថ្ងៃនោះ សឹងវ័ណ្ឌករគ្រប់គ្នាទៅហើយ។

ចំណែកអ្នកលក់ដូរលើផ្លូវសារធារណៈម្នាក់ បានឲ្យដឹងថា ការលក់ដូរនៅតាមចិញ្ចើមផ្លូវដាច់ជាងលក់នៅក្នុងផ្សារ ហើយមិនមែនគាត់មិនដឹងថា ខុសនោះទេ ក៏ប៉ុន្តែទីតាំងលក់ដូររបស់ពួកគាត់ ត្រូវបង់ឲ្យគេជារៀងរាល់ថ្ងៃ ទើបអាចលក់បាន បើពុំមានអ្នកមកយកលុយពីគាត់ ពួកគាត់ក៏មិនហ៊ានដាក់លក់ដែរ ព្រោះខ្លាចគេចាប់។

លោក មាស ម៉េងហួត នាយការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការរៀបចំសណ្តាប់ធ្នាប់ ចំពោះអ្នកលក់ដូរតាមផ្លូវសាធារណៈនេះ គឺដូចវែកចក ដោយពួកគេ មិនញញើតនឹងច្បាប់ឡើយ។ ពួកគេបានធ្វើឲ្យបាត់បង់សោភ័ណភាពសណ្តាប់ធ្នាប់ និងធ្វើឲ្យកកស្ទះចរាចរណ៍ទៀតផង។

ទាក់ទងនឹងបញ្ហាខាងលើនេះ លោកនឹងសុំទៅថ្នាក់លើ ដើម្បីចំណាត់ការលើអ្នកលក់ដូរទាំងនោះឲ្យខាងតែបាន ហើយបើមិនចាប់ផាកពិន័យទៅលើពួកគាត់នោះទេ ពួកគាត់មិនរៀងចាលឡើយ។

គួររំលឹកថា ពាក់ព័ន្ធនឹងការលក់ដូរអនាធិបតេយ្យនេះលោក ឈួរ ច័ន្ទឌឿន ធ្លាប់បានព្រមានមន្ត្រី និងសមត្ថកិច្ចដែលទទួលបន្ទុក ក្នុងកិច្ចការងារនេះជាញយដង ដោយលោកធ្លាប់បានកំណត់ យ៉ាងច្បាស់ថា ត្រង់ណាជាផ្លូវ ត្រង់ណាជាផ្សារ ហើយអ្នកលក់ដូរអនាធិបតេយ្យទាំងនោះ មិនពិបាកក្នុងការចំណាត់ការនោះឡើយ តែវាពិបាកត្រង់មន្ត្រី ឬសមត្ថកិច្វយើងមិនព្រមអនុវត្តតែប៉ុណ្ណោះ៕