(ភ្នំពេញ)៖ ក្នុងរាជធានីភ្នំពេញនៅយប់មិញនេះបានកើតករណីគ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូ ចំនួន៣លើក ក្នុងនោះក៏មានករណីពិធីករទូរទស្សន៍ MYTV លោក អ៊ែន ប៊ី ផងដែរ។ សាក្សី បានអះអាងថា លោក អ៊ែន ប៊ី ពិធីករក្នុងកម្មវីធីល្បែងជ្រែកជញ្ជាំង របស់ស្ថានីយ៍ទូរទស្សន៍ MYTV បានបើករថយន្តលុច្សស៊ីសពណ៌សបុកម៉ូតូ បណ្តាលឲ្យនារីពីរនាក់រងរបួសធ្ងន់ ហើយព្យាយាមបើករត់ តែបារមីលោកយាយពេញ មិនជួយពិធីករកំលោះរូប សង្ហាចិត្តឥតមេត្តា បើទោះបីគេខំបើករថយន្តគេចខ្លួនរាប់គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ចប្រដេញតាមចាប់ជាប់វែកមុខឲ្យមហាជនបានដឹង និងរងនូវការរិះគន់ និងតិះដៀលយ៉ាងខ្លាំង។
មន្រ្តីនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានប្រាប់ Fresh News ថា ករណីគ្រោះថ្នាក់ចរាចរទាំង ៣ករណីនេះ បានកើតឡើង នៅម៉ោងបន្តបន្ទាប់គ្នា។
ករណីទី១៖ បានកើតឡើងនៅម៉ោងជាង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ តាមផ្លូវទេពផន ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក បង្កឡើងដោយរថយន្ត ViGo ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-3515 បើកក្នុងទិសដៅពីលិចទៅកើត។ លុះ បើកជិតដល់ខារ៉ាអូខេ «នគរសំរឹទ្ធ» បានបុកម៉ូតូកង់បីពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បី ដាច់ពីគ្មា រីឯម្ចាស់ម៉ូតូកង់បីរបួស ធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។
ករណីទី២៖ កើតឡើងនៅម៉ោងជាង ១១យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវវេងស្រេងត្រង់ផ្លូវចូលទៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បង្កឡើងដោយបុរសម្នាក់ បើករថយន្តកូរ៉េ ទៅបុករថយន្ត Masda ពាក់ស្លាកលេខ ខេមរភូមិ 09-2-6137 របស់មន្រ្តីកងរាជអាវុធហត្ថមួយរូបបណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងក្រោយ ត្រូវបានម ន្ត្រីនោះទារសំណងចំនួន ១០០ដុល្លារ ដើម្បីបញ្ជប់រឿងនៅកន្លែងកើតហេតុតែម្តង។
ករណីទី៣៖ ករណីទី៣នេះ ចាត់ទុកថា ជាករណីពិសេសជាងគេ ព្រោះអ្នកបង្ក គឺជាតារា និងពិធីករមានឈ្មោះ បោះសំឡេងមួយ រូបប្រចាំនៅស្ថានីយ៍ទូរទស្សន៍ MYTV ក្នុងកម្មវិធី «ល្បែងជ្រែកជញ្ជាំង» គឺលោក អ៊ែន ប៊ី។
សាក្សី ក៏ដូចជាមន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា នៅវេលាម៉ោងជាង ១២យប់ លោក អ៊ែន ប៊ី រួមនិងមិត្តភក្តិម្នាក់ទៀត បាន បើករថយន្ត Lexus Rx 330ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-2312 ទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿង បណ្តាលឲ្យ នារីពីរនាក់រងរបួសធ្ងន់ ធ្ងរ នៅជិតស្ថានីយប្រេងឥន្ធនៈ Total ក្បែរវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
បើតាមសំដី និងមន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ លោក អ៊ែន ប៊ី បានបើករថយន្តមិនដឹងមកពីណា នោះ ទេ លុះដល់ចំណុចកើតហេតុ ក៏មាននារី ២នាក់ បានបើកម៉ូតូមកដល់ដែរ ហើយទុចដំណើរគ្នា ទើបរថយន្តរបស់លោក អ៊ែន ប៊ី បុកម៉ូតូពេញទំហឹង។ បន្ទាប់ពីបុកបណ្តាលឲ្យនារីពីរនាក់រងរបួសហើយ ពិធីកររូបសង្ហាមិនបានឈប់រថយន្ត ដើម្បីដោះស្រាយ ឬជួយនារីទាំងពីរនាក់នោះទេ លោកបានព្យាយាមបើករថយន្តគេចខ្លួន ទាំងរថយន្តធ្លាក់បាត់កាងខាងមុខ និងស្លាកលេខ។
តែប្រហែលជាបារមីលោកយាយពេញ មិនជួយកំលោះពិធីកររូបសង្ហាចិត្តគ្មានក្តីមេត្តានោះ បើទោះបីជាខំប្រឹងបើករត់តាំងពីវត្តភ្នំ រហូតដល់ផ្លូវលេខ១៥៦ ម្តុំផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទីមួយ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលដេញចាប់បានទាំងរថយន្ត និងពិធីកររូបនោះផងដែរ។
ក្រុមអ្នកដើរលេងពេលរាត្រី និងបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ លោក អ៊ែន ប៊ី បាននាំគ្នាធ្វើការរិះគន់ យ៉ាងខ្លាំងក្លាថា ជាពិធីករមួយរូបគួរសាបព្រោះនូវទង្វើល្អៗក្នុងសង្គម ដើម្បីជាគំរូដល់មនុស្សដទៃ តែបែរជាសាបព្រោះនូវទង្វើ គ្មានទំនួលខុសត្រូវ ដែលសង្គមស្អប់ខ្ពើមទៅវិញ។ ក្រុមប្រជាពលរដ្ឋ បានបង្ហាញក្តីរំពឹង ក្រុមតារាដទៃទៀត ដែលល្បី និងមានប្រ ជាប្រិយភាពដោយសារតែការគាំទ្ររបស់មហាជន គួរប្រឹងប្រែងធ្វើទង្វើមានទំនួលខុសត្រូវ និងទង្វើដែលសង្គមមនុស្សទូទៅគោ រពស្រឡាញ់ មិនគួរធ្វើដូចលោក អ៊ែន ប៊ី នោះទេ៕