(តាកែវ)៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចារ ស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃសៅរិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺមិនដែលរត់ចោលប្រជាជនម្ដងឡើយ នៅពេលប្រជាជនជួបបញ្ហាលំបាក ពោលគឺតែងតែនៅផ្សារភ្ជាប់ជាមួយនឹងប្រជាជនជន រួមសុខរួមទុក្ខជាមួយនឹងប្រជាជនជារៀងរហូត។

លោកបណ្ឌិត ពេជ សោភ័ន បានបន្តថា ជាគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ជាពិសេសគឺនៅពេលដែលបងប្អូនជួបទុក្ខលំបាក តែងតែមានវត្តមានរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថា្នក់ ចាំចុះជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនបោះបង់ប្រជាពលរដ្ឋចោលនោះទេ។

លោកបណ្ឌិត ពេជ សោភ័ន បានទៀតថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសាមគ្គីគ្នាគ្រប់ពេលវេលា ដើម្បីរួមគ្នាក្នុងការកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិជាមួយគ្នា ឲ្យមានការរីកចម្រើន និងរីកលូតលាស់គ្រប់វិស័យ។ នេះហើយជាសច្ចៈភាពដែល មិនអាចប្រកែកបានចំពោះស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលនិងប្រជាជនទូទាំងប្រទេស បានព្រួតដៃគ្នាកសាង ប្រទេសដ៏កម្សត់មួយនេះឲ្យមានការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់សព្វថ្ងៃនេះ។

បើតាមលោកបណ្ឌិត ពេជ សោភ័ន «មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅក្បែរជាមួយនឹងបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈនិង នៅតែការពារ និងកសាងប្រទេសជាតិរបស់យើង ឲ្យមានមុខមាត់នៅលើឆាកអន្តរជាតិ ដូច្នោះដើម្បីបន្តឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៏ទៅមុខទៀត ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋរស់ក្នុងភាពសម្បូរសប្បាយបែបនេះទៀត សូមបងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំរាជរដ្ឋាភិបាលគ្រប់អាណតិ្តក្រោយៗទៀត ព្រោះមានតែគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាទេ ដែលជាអ្នកឃុំគ្រង ថែរក្សា និងការពារ ប្រទេសជាតិ ឲ្យមានសុខសន្តិភាពផ្ទៃពេញប្រទេស ពិសេសឲ្យធ្វើប្រជាពលរដ្ឋ មានជីវភាពកាន់តែធូរធារឡើង ថែមទៀត»

សូមបញ្ជាក់ដែរថា ស្នាក់ការរបស់គណបក្យប្រជាជនកម្ពុជាឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានចាប់ផ្ដើមកសាងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ និងបានបញ្ចប់ការស្ថាបនាជាស្ថាពរនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណាយថវិកា សរុបចំនួន ១២១,៦៩៦.៧៣ ដុល្លារអាមេរិក៕