(ភ្នំពេញ)៖ ស្ដ្រីម្នាក់បានលោតសម្លាប់ខ្លួនពីលើខុនដូរមួយកន្លែងឈ្មោះ «វីឃែន WECAN» តាមបណ្ដោយផ្លូវលេខ៩៩ ស្ថិតក្នុងភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៣ទាបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដោយដកស្រង់សម្ដីរបស់សន្ដិសុខខុនដូរខាងលើ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅខុនដូរជាន់ទី៤។ ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ម៉ោងប្រមាណ២ គេឃើញស្ដ្រីរងគ្រោះឡើងទៅជាន់ទី៥ ដោយដៃមានកាន់កំប៉ុងស្រាបៀ និងកែវ ហើយក៏លោតចុះមកក្រោយតែម្ដង។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យសាកសពនៅកន្លែងកើតហេតុ និងសន្និដ្ឋានថា ស្ដ្រីរងគ្រោះពិតជាលោតសម្លាប់ខ្លួនពិតប្រាកដមែន ខណៈមូលហេតុកំពុងស្រាវជ្រាវបន្ដ។ បច្ចុប្បន្នសពកំពុងដម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរកក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕