(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតមកពេលនេះបុរសជនជាតិខ្មែរ ដែលឆ្លងវីរុស កូរ៉ូណា ឬ Covid-19 នៅខេត្តសៀមរាប គឺមានសុខភាពល្អធម្មតា រួមទាំងអ្នកពាក់ព័ន្ធ មិនមានការប្រែប្រួលនោះទេ។

ការបញ្ជាក់បែបនេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងក្រោយបញ្ចប់កិច្ចពិភាក្សាស្តីពី «សារព័ត៌មានចំពោះមុខ Covid-19 និងព័ត៌មានក្លែងក្លាយ» ដែលរៀបចំធ្វើឡើងដោយក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងព័ត៌មាន និងក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាការៈគាត់ធម្មតា អត់មានបញ្ហាអ្វីទាំងអស់ គឺថាគាត់អត់ទាន់មានចេញរោគសញ្ញាទាំងអស់ គឺគាត់ធម្មតា»

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានបន្តថា សម្រាប់ក្រុមគ្រួសាររបស់គាត់ និងអ្នកពាក់ព័ន្ធជាមួយបុរសជនជាតិខ្មែរ ដែលមានផ្ទុកវីរុស Covid-19 ដែលរហូតដល់ពេលនេះ មិនទាន់មានរោគសញ្ញាអ្វីគួរឱ្យសង្ស័យនោះដែរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក្រសួងសុខាភិបាល បានណែនាំដល់ពួកគាត់ឱ្យតាម សុខភាពរបស់គាត់ រយៈពេល១៤ថ្ងៃ ដោយមានការតាមដានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រូពេទ្យ ជាដើម។

បានបន្ថែមពីនេះ លោកស្រី បានអះអាងថា គិតមកដល់ពេលនេះ គ្រូពេទ្យជាមនុស្សទី១ ដែលនៅជិតអ្នកដែលផ្ទុកជំងឺ Covid-19 មុនគេ ប៉ុន្តែមកដល់ពេលនេះ មិនទាន់រកឃើញ គ្រូពេទ្យណាម្នាក់ មានផ្ទុកជំងឺ COVID-19 នេះនោះឡើយ។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នកមានជំងឺ កូរ៉ូណា ឬ Covid-19 ចំនួន៣នាក់ រួមមាន៖ ជនជាតិចិនម្នាក់ ដែលមកពីទីក្រុងវូហាន, ទី២៖ បុរសជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន និងទី៣៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបានចូលមកកម្ពុជា តាមរយៈនាវាទេសចរណ៍របស់វៀតណាម៕