(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានចោទអាជ្ញាធរ និងមន្រ្តីជំនាញ ខេត្តកណ្តាលថា បានធ្វើឱ្យរាំងស្ទះដល់ដំណើរការ ផ្ទេរប្លង់កម្មសិទ្ធិលើដីមួយកន្លែង សម្រាប់សាងសង់ «ទូរទស្សន៍ព្រះអាទិត្យ» នៅក្រុងតាខ្មៅ ប៉ុន្តែមន្រ្តីជំនាញអះអាងថា សំណុំឯកសារពាក់ព័ន្ធនឹងការផ្ទេរប្លង់នោះ នៅមិនទាន់មកដល់ច្រកសុរិយោដីខេត្តជាផ្លូវការនៅឡើយទេ។

លោក ប៉ាវ ផល្លា ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃអាទិត្យនេះថា លោកបានទទួលដំណឹងអំពីការទិញដីសម្រាប់ ធ្វើទូរទស្សន៍ព្រះអាទិត្យនៅក្រុងតាខ្មៅ ក៏ប៉ុន្តែលោកថា ចំពោះសំណុំរឿងផ្ទេរកម្មសិទ្ធិដីធ្លីនេះ នៅមិនទាន់មកដល់ច្រកសុរិយោដីខេត្តកណ្តាលជាផ្លូវការនៅឡើយទេ។
លោកថា «យើងគ្រាន់តែដឹងថា មានដីមួយកន្លែងបានសុំផ្ទេរ(កម្មសិទ្ធិ) ទៅឱ្យក្រុមហ៊ុនមួយ ហើយយើងគ្រាន់តែដឹងថាដីហ្នឹងហើយ ដែលគេបម្រុងនឹងធ្វើទូរទស្សន៍ហ្នឹង ប៉ុន្តែបើពិនិត្យឯកសារផ្លូវការ ដែលពួកខ្ញុំទទួលទាល់តែបានចុះបញ្ជីច្រក ព្រោះយើងមានច្រកសម្រាប់ផ្តល់សេវាសាធារណៈ ហើយឯកសារនោះ គឺមិនទាន់បានចុះបញ្ជីច្រកនៅឡើយទេ គាត់យឺតយ៉ាវនៅកន្លែងណា យើងមិនដឹងទេ»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងថា រហូតមកដល់ពេលនេះ មានរយៈពេល៦០ថ្ងៃហើយ ដែលក្រុមហ៊ុនវិនិយោគជាមួយគណបក្សសង្រ្គោះជាតិ បានរត់ការផ្ទេរប្លង់កម្មសិទ្ធិលើដីទំហំជាង១០០០ម៉ែត្រការ៉េ នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ដំឡើងស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែមិនទាន់សម្រេចនៅឡើយ។ លោកថា មូលហេតុយឺតយ៉ាវនេះមិនមែនដោយសារ គណបក្សសង្រ្គោះជាតិទេ ប៉ុន្តែគឺដោយសារអាជ្ញាធរមានសមត្ថកិច្ចទៅវិញ។

លោកនិយាយថា «ឥឡូវនេះយើងបានទិញដី ហើយកំពុងរត់ការផ្ទេរកម្មសិទ្ធិ ទាល់តែទទួលបានកម្មសិទ្ធិហើយ បានយើងចាប់ផ្តើមតម្លើងអង់តែន ប៉ុន្តែឥឡូវនេះការផ្តល់កម្មសិទ្ធិហ្នឹងគឺមកទល់ថ្ងៃនេះ ៦០ថ្ងៃហើយ មិនទាន់ចេញទៀតមិនដឹងថាតើខាងអាជ្ញាធរមានសមត្ថកិច្ចហ្នឹង គេធ្វើការយ៉ាងម៉េចនោះទេ»។ លោក យឹម សុវណ្ណបន្ថែមថា «គណបក្សបានត្រៀមរួចអស់ហើយ បើស្ទះគឺស្ទះដោយសារអាជ្ញាធរមានសមត្ថកិច្ចតែម្តង ដូច្នេះមិនបាច់និយាយរឿងនេះទៀតទេ គ្រាន់តែដឹងថាស្ទះដោយសារអាជ្ញាធរ មិនមែនស្ទះដោយសារតែគណបក្សសង្រ្គោះជាតិនោះទេ»។

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានបដិសេធចំពោះការចោទប្រកាន់របស់លោក យឹម សុវណ្ណ ដោយអះអាងថា អាជ្ញាធរហេតុផលអ្វីត្រូវរារាំងដល់ដំណើរការទូរទស្សន៍ព្រះអាទិត្យនោះទេ។ លោកជំរុញឱ្យលោក យឹម សុវណ្ណ ពិនិត្យលើឯកសាររបស់ខ្លួន ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចោទប្រកាន់មកអាជ្ញាធរ ឬសមត្ថកិច្ច។

លោកថា «ជួនកាលខ្លួនឯង(គណបក្សសង្រ្គោះជាតិ) មាននីតិវិធីមិនគ្រប់គ្រាន់ ជាគោលការណ៍គឺគ្មានទេ គ្មាននរណាគេធ្វើឱ្យរាំងស្ទះដល់រឿងអញ្ចឹងៗទេ បានប្រយោជន៍អ្វី អញ្ចឹងគឺគ្មានរឿងដូចការចោទប្រកាន់នេះទេ សូមឱ្យគាត់មកពិនិត្យមើលនីតិវិធីរបស់គាត់ ហើយខ្ញុំនឹងពិនិត្យមើលដែរ»។

ទូរទស្សន៍របស់បក្សប្រឆាំង ដែលនឹងមានជាលើកទី១ នៅកម្ពុជា ត្រូវបានលោក សម រង្ស៊ី អះអាងថា នឹងត្រូវការដើមទុនតិចបំផុត ៣លានដុល្លារ ដើម្បីដំណើរការនៅកម្ពុជា។ តាមគម្រោងកន្លងមក ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ធ្លាប់បានប្រកាសថា នឹងដាក់ឱ្យដំណើរការទូរទស្សន៍នេះនៅដើមឆ្នាំ២០១៦នេះតែម្តង៕