(ភ្នំពេញ)៖ របាយការណ៍នគរបាលចរាចរណ៍ បានឱ្យដឹងថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសតាមដឹងផ្លូវជាង ៨ពាន់គ្រឿង ក្នុងនោះមានម៉ូតូ៣៧១២គ្រឿង និងរថយន្តចំនួន៥៨៥៦គ្រឿង ព្រមទាំងធ្វើការផាកពិន័យជាទឹកប្រាក់ជាង៩០លានរៀល។

របាយការណ៍បានឱ្យដឹងថា យានយន្តបានចូលគោលដៅសម្រាប់ត្រួតពិនិត្យនៅទូទាំងប្រទេស នៅថ្ងៃទី៣នេះ មានចំនួនសរុប ៣០៣១២គ្រឿង ខណៈដែលយានយន្តល្មើសដែលត្រូវឃាតទុក មានចំនួន៧៣គ្រឿង ។

សូមបញ្ជាក់ថា តួលេខការផាកពិន័យនៅថ្ងៃទី០៣ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មានចំនួនច្រើនជាងម្សិលមិញ ខណៈដែលម្សិលមិញជាថ្ងៃទី២ នៃការអនុវត្តច្បាប់នេះ កម្លាំងនគរបាលបានរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ប្រមាណ ៧.៩៦៣គ្រឿង និងថ្ងៃដំបូង ត្រូវនឹងថ្ងៃទី០១ ខែមករា កម្លាំងនគរបាលចរាចរណ៍ឃាត់យានយន្តល្មើសច្បាប់ចំនួន ៧.៥១៩គ្រឿង។ ក្នុងនោះធ្វើការអប់រំចំនួន ៤.៥៤៣គ្រឿង ផាកពិន័យ ២៩២៥គ្រឿង និង ឃាត់យានយន្តទុកចំនួន១១០គ្រឿងផងដែរ៕