(បន្ទាយមានជ័យ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួររន្ធត់មួយ បាន​កើតឡើងដោយ ម្តាយនិងកូនប្រុស ត្រូវរថយន្តដឹកដីកៀរម៉ូតូ ដួលបោកក្បាលចេញខួរស្លាប់ ទាំងម្តាយទាំងកូនប្រុសយ៉ាងអាណោធអាធ័ម និងកក់ស្ទះចរាចរណ៍ នៅលើកំណត់ផ្លូវជាតិលេខ៥ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មុខធនាគារអេស៊ីលីដា នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ។

ប្រភពបានបង្ហើបថា ករណីនេះគឺគេឃើញម៉ូតូរងគ្រោះម៉ាក់ Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-0679 បង្រុងបត់ចូលផ្លូវខាងក្រោយអេស៊ីលីដា តែមិនទាន់នឹងបានឆ្លងផង ត្រូវបានរថយន្តដឹកដីបើកស្របទិសគ្នា កៀរម៉ូតូរងគ្រោះដួលបោកក្បាលចេញខួរអូស ប្រមាណជា៣ម៉ែត្រស្លាប់ ទាំងម្តាយនិងកូនប្រុសតែម្តង។ ភ្លាមនោះរថយន្តដឹកដី បន្ថែមល្បឿនរត់គេច តែមានម៉ូតូដេញតាមពីក្រោយផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ ចុះអន្តរាគមន៍ និងវាស់វែងនៅចំណុចកើតហេតុ និងស្រាវជ្រាវរកបងប្អូនសពរងគ្រោះខាងលើ ដើម្បីយកទៅធ្វើបុណ្យ។ ចំណែកជនបង្កត្រូវបាន សមត្ថកិច្ចឃាត់មានឈ្មោះ ខេន សុភឿត ភេទប្រុសអាយុ២៤ឆ្នាំ ជាមួយនឹងរថយន្តបង្កហេតុផងដែរ៕