(កំពង់ចាម)៖ រោងចក្រកាត់សំលៀកបំ ពាក់ សាន់ស៊ូ ដែលមានទីតាំងស្ថិតនៅឃុំ ខ្វិតធំ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានឧបត្ថម្ភសំលៀកបំពាក់ ចំនួន ៥០០០ កំប្លេ ជូនដល់អាជ្ញាធរខេត្តកំពង់ចាម ដែលមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹ ក្សាខេត្ត និងលោក អ៊ុន ចាន់ដាអភិបាល ខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធវីរុស កូវីដ-១៩ ខេត្តកំពង់ចាម បានអញ្ជើ ញជាអធិបតី ក្នុងពិធីប្រគល់ ទទួល ។

បើតាម លោក Shih Sung Pang អគ្គនាយកក្រុមហ៊ុនរោងចក្រ សាន់ស៊ូ បានអោយដឹងថា ខោអាវក្មេងៗ ដែលចាប់ពីអាយុ ៣ - ទៅ៦ឆ្នាំ ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តនាឱកាសនេះ គឺជាការរួមចំណែកមួយផ្នែក ជាមួយ អាជ្ញាធរខេត្ត ដើម្បីដោះស្រាយចំពោះមុខ ដែលខេត្ត បាននឹងកំពុងត្រៀមប្រយុទ្ធទៅនឹងវីរុស កូវីដ-១៩។

រីឯលើផ្នែកសង្វាក់ផលិតកម្ម លោក នាយករោងចក្រ បានបញ្ជាក់ថា រោងចក្ររបស់លោក នៅតែបន្តការផលិតជាធម្មត្តា ដោយរោងចក្រមានវត្ថុធាតុដើមគ្រប់គ្រាន់ និងធានាបានដល់ការផលិត។

ដោយឡែក លើបញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនី រៀងរាល់ពេលចេញ ចូលធ្វើការងារគឺបានឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល ដោយប្រើប្រាស់ម៉ាស៊ីនស្គែន និងត្រួតពិនិត្យកម្តៅ។

ឆ្លើយតបជាមួយ អគ្គនាយកក្រុមហ៊ុន រោងចក្រ និងបងប្អូន កម្មករ កម្មការីនី នាឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រយុទ្ធវីរុសកូវីដ-១៩ខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់លោក Shih Sung Pang អគ្គនាយកក្រុមហ៊ុន រោងចក្រ ដែលបានផ្តល់នូវសំលៀកបំពាក់ ដល់រដ្ឋបាលខេត្ត ស្របពេលដែលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ កំពុងធ្វើយុទ្ធនាការ អប់រំសុខភាពតាមមូលដ្ឋាន ។ ហើយសម្លៀកបំពាក់ទាំងនោះ រដ្ឋបាលខេត្ត នឹងចាត់ចែង ចែកជូនបងប្អូន ដែលជួបការលំបាកដោយផ្ទាល់ដល់មូលដ្ឋានតែម្តង។ ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកនាយកក្រុមហ៊ុន រោងចក្រ ធ្វើយ៉ាងណាត្រូវត្រួត ពិនិត្យជាប្រចាំលើបញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនីយើង គឺមានសារៈសំខាន់ណាស់ កាលបើសុខភាពល្អ ការផលិតនឹងទទួលបានតាមការបញ្ជាទិញផងដែរ។

ចំពោះបងប្អូន កម្មករ កម្មការីនីទាំងអស់ត្រូវគិតគូពីសុខភាពផ្ទាល់ខ្លួនជាចំបង នោះគឺ រស់នៅស្អាត ផឹកស្អាត និងហូបស្អាត ប្រសិនបើមានបញ្ហាលើផ្នែកសុខភាពត្រូវទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបងប្អូនបំផុត (ដើម្បីខ្លួនអ្នក ក្រុមគ្រួសាររបស់អ្នក និងសហគមន៍របស់អ្នក គ្មានកូវីដ-១៩)៕