(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី១ របស់ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យការងារ និងពិភាក្សាការងារអនុវត្ត បានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្រុមការងារបច្ចេកទេសផលិត និងផ្សាយកម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក គឺភាគីក្រសួងព័ត៌មានដឹកនាំដោយលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ខាងភាគីក្រសួងអប់រំយុវជន និងកីឡា ដឹកនាំដោយលោកស្រី គឹម សុថានី រដ្ឋលេខាធិការ ហើយជាជំហ៊ានដំបូងក្រសួងអប់រំ ជាអ្នកផលិតរាល់មុខវិជ្ជាកម្មវិធីបង្រៀន ហើយយកមកចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា និងApp ក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំលើកទី១នេះ ធ្វើឡើងស្របតាមអនុស្សារណៈ នៃការយោគយល់រវាងក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងព័ត៌មាន ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» លើប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា និង App ក្រសួងព័ត៌មាន ត្រូវបានធ្វើពិធីចុះហត្ថលេខា ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នាទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

លោក មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា កិច្ចប្រជុំនៅថ្ងៃនេះ គឺធ្វើការពិភាក្សាឈានទៅធ្វើការឯកភាពគ្នា សម្រេចចាក់ផ្សាយកម្មវិធីរៀនពីចម្ងាយ និងការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការចាក់ផ្សាយនៅទូរទស្សន៏ជាតិកម្ពុជា TVK2 ដែលមាននៅក្នុងប្រព័ន្ធទូរទស្សន៍ Satellite តេជោ DTV និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបទំនើប App ក្រសួងព័ត៌មាន ដោយកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃដំបូង នៃការចាក់ផ្សាយចាប់ពីម៉ោង ៦ព្រឹក ដល់១០យប់ និងមានការចាក់ផ្សាយឡើងវិញ រហូតដល់ព្រឹកវិញ គឺ ២៤ម៉ោងជារៀងរាល់ថ្ងៃ។ សម្រាប់កម្មវិធិសិក្សាដែលគ្រោងធ្វើការ ចាក់ផ្សាយមានការបង្រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែលមានការបិទសាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្ភពីការឆ្លងនៃ មេរោគកូវីត១៩ ហើយសិស្សានុសិស្ស មិនបានមករៀននៅសាលានោះ ក្រសួងព័ត៌មាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាកម្មវិធីបង្រៀនពីចម្ងាយ E-LEARNING DISTANCE LEARNING នូវចំណេះដឹងទូទៅសម្រាប់កុមារតូច រហូតដល់ធំ តាមរយៈការចាក់ផ្សាយតាមប្រព័ន្ធ Internet App ក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណបតេជោ ឌីធីវី ប៉ុស្តិ៍ TVK2 ដែលអាចឱ្យសិស្សានុសិស្សបើកមើលបាន ដោយឥត គិតថ្លៃ ហើយជាជំហ៊ានទៅមុខទៀត ក៏គ្រោងទៅស្ថានីយទូរទស្សន៍ខ្សែកាបនៅភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួចមក ក្រុមការងារបច្ចេកទេសផលិត និងផ្សាយកម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទៅពិនិត្យមើលស្ថានីយទូរទស្សន៏ជាតិកម្ពុជា និងស្ទីតយោ តេជោ ឌីធីវី ដែលជាកន្លែងចាក់ផ្សាយកម្មវិធីអប់រំពីចម្ងាយ។

តាមការបញ្ជាក់របស់លោក បាន ភុធ ទីប្រឹក្សាក្រសួងព័ត៌មាន ប្រធានគ្រប់គ្រងក្រុមហ៊ុនទូរទស្សន៍ Satellite តេជោ DTV ប្រចាំកម្ពុជា បានបញ្ជាក់ពីកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការបង្រៀនពីចម្ងាយ E-Learning តាមរយៈការផ្សាយផ្ទាល់តាមទូរទស្សន៍ តេជោ DTV ដែលពេលនេះខាង ក្រុមហ៊ុន បានត្រៀមរួចរាល់អស់ហើយ ក្នុងការជួយលើផ្នែកបច្ចេកទេស ការផ្សាយតាមរលកធាតុអាកាស និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក បាន ភុធ បានជម្រាបថា កិច្ចការងារនេះ លោកធ្លាប់បានធ្វើនៅក្និងប្រទេសថៃ កាលពីជាង ១០ឆ្នាំមុន ហើយទទួលបានជោគជ័យ។ ដូច្នេះក្នុង ឱកាសនេះ ក្រុមហ៊ុនលោក បានធ្វើកិច្ចសហការជាមួយក្រុមការងារ App ក្រសួងព័ត៌មាន ដើម្បីផ្សាយការបង្រៀនពីចម្ងាយ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដោយសារបច្ចុប្បន្ននៅកម្ពុជា មានអតិថិជនប្រើប្រាស់ប្រព័ន្ធទូរទស្សន៍ Satellite តេជោ DTV ចំនួន ប្រមាណ ៨សែនគ្រឿង បើគិតអ្នកដែលទស្សនាវិញ គឺមានជិត ៣លាននាក់៕