(រតនគិរី)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដោយលោក សាយ សាមាន ជំនួសលោក ស៊ុន ប៉ូលីន ដែលត្រូវទទួលភារកិច្ចថ្មីនៅក្រសួង។

ពិធីប្រកាសនេះមានការចូលរួមពីសំណាក់ប្រតិភូក្រសួង, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាលខេត្តរតនគិរី, ថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ប្រមាណ ១០០នាក់ ក្នុងសាលប្រជុំសាលាខេត្ត។

លោក ថង សាវុន បានលើកឡើងថា ការផ្លាស់ប្ដូរ ឬផ្ទេរភារកិច្ចនេះធ្វើឡើងដើម្បីជំនួសប្រធានមន្ទីរចាស់ ដែលលោកនឹងត្រូវទទួលតួនាទី និងភារកិច្ចថ្មីនៅទីស្ដីការក្រសួង។ លើសពីនោះទៅទៀត ការផ្លាស់ប្ដូរនេះ ក៏ដូចជាបណ្ដុះវប្បធម៌ចែករំលែកបទពិសោធន៍ការងារ សាបព្រោះពហុជំនាញដល់មន្ត្រី បង្កើតគំនិតផ្ដួចផ្ដើមថ្មីនិងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការល្អ សំដៅពង្រីកចំណេះដឹង និងចំណេះធ្វើឱ្យបានទូលំទូលាយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ និងចក្ខុវិស័យរបស់រដ្ឋបាលខេត្តគឺចង់ឃើញមន្ត្រីទាំងអស់ មានពហុជំនាញ ទាំងជំនាញបច្ចេកទេស ជំនាញភាពជាអ្នកដឹកនាំ ព្រោះអ្នកទាំងនោះគឺជាទំពាំស្នងឬស្សី នាពេលអនាគត។

លោក ស៊ុយ សាន បានគូសបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងមាននិរន្តរភាព បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃរឈាមតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតនោះទេក៏គ្មានការអភិវឌ្ឍដែរ។ ជាក់ស្ដែងខេត្តរតនគិរី ជាខេត្តប្រកបដោយសក្ដានុពលមួយអាចពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែជាខេត្តអេកូទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងជាខេត្តបោះជំហានទៅជាខេត្តមានឧស្សាហកម្ម ពាណិជ្ជកម្មដ៏មានសន្ទុះរីកចម្រើនគួរអោយគត់សម្គាល់។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ុន ប៉ូលីន ប្រធានមន្ទីរចាស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យ សាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសង្ឃឹមថា បទពិសោធន៍ល្អៗទាំងនេះ នឹងត្រូវបានចែករំលែកដល់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីយកទៅអនុវត្តបន្ត។

លោករដ្ឋលេខាធិការបានផ្ដាំផ្ញើលោក សាយ សាមាន ដែលត្រូវមកជំនួសប្រធានមន្ទីរចាស់ត្រូវខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំ មន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនថែមទៀតស្របតាមការរីកចម្រើនរបស់ខេត្ត។ ជាពិសេស ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ ស្របតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាពដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនថែមទៀត។ ជាពិសេសត្រូវ សហការសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយនិងរឹងមាំ ពង្រីកនិងពង្រឹងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យបានល្អប្រសើរ។

ជាកិច្ចឆ្លើយតបនូវគុណូបការៈ និងការផ្ដល់ទំនុកទុកចិត្ត ក្នុងការតែងតាំងលោកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីលោក សាយ សាមាន បានប្ដេជ្ញាចិត្តគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញតិ គោលការណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល រឹតចំណងសាមគ្គីផ្ទៃក្នុង និងសហការជាមួយមន្ទីរជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសអនុវត្តឱ្យបានជាដាច់ខាតនូវអនុសាសន៍ទាំង១១ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សំដៅលើកកម្ពស់ប្រសិទ្ធភាព គុណភាពការងារក្នុងវិស័យសាធារណការនិងដឹកជញ្ជូនឱ្យមានការរីកចម្រើន និងអភិវឌ្ឍថែមមួយកម្រិតទៀត៕