(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង​បានអះអាងថា ខ្លួនបានអន្តរាគមន៍បញ្ជូន ពលករខ្មែរម្នាក់ ដែលមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឱ្យត្រឡប់​មកប្រទេសកម្ពុជាវិញ។

លោក ស៊ុត ឌីណា អគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានអះអាងនៅលើបណ្តាញ Facebook ថា លោកបានជួយចាត់ចែងលិខិត បើកផ្លូវ និងឧបត្ថម្ភថវិកាក្នុងការបញ្ជូន​ពលករខ្មែរ​មួយរូប​ដែលមានជំងឺសរសៃ​ប្រសាទធ្ងន់ធ្ងឱ្យត្រឡប់ទៅស្រុកខ្មែរវិញ។ ក្នុងនោះលោកបានជួលរថយន្តសង្រ្គោះបន្ទាន់របស់ពេទ្យមួយ ពីក្រុងសេអ៊ូលទៅព្រលានយន្តហោះអន្តរជាតិ អ៊ិនឆន់ និងបានចេញថ្លៃ​សំបុត្រយន្តហោះពីប្រទេសកូរ៉េ​មកកម្ពុជាផងដែរ។

ទោះជាយ៉ាងនេះក្តី អគ្គរាជទូតរូបនេះមិនបានបង្ហើបអំពីអត្តសញ្ញាណ​របស់ពលករខ្មែរ ដែលមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរនេះនោះទេ។ ចំណែកមន្រ្តីក្រសួងការបរទេស​ក៏មិនទាន់បញ្ជាក់​បានជុំវិញព័ត៌មាន​លម្អិតនៃរឿងនេះដែរ៕