(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផលិតវីដេអូស្តីពីការពារការឆ្លងនៃជំងឺកូវីដ១៩ ចំពោះអ្នកលក់អាហារ និងបុគ្គលិកបម្រើការ តាមភោជនីយដ្ឋាន​ និងអាហារដ្ឋានទាំងអស់។

ក្នុងវីដេអូមានរយៈពេលជាង ១នាទី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន មានខ្លឹមសារបញ្ជាក់ថា ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ អ្នកលក់អាហារ និងបុគ្គលិកបម្រើការក្នុងភោជនីយដ្ឋាន​ និងអាហារដ្ឋាន ត្រូវធ្វើសកម្មភាពដូចខាង៖

* ពាក់ម៉ាស​ និងលាងសម្អាតដៃឲ្យបានញឹកញាប់
* ដាក់ទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ឬសាប៊ូ និងទឹកស្អាត សម្រាប់ភ្ញៀវនៅមុខកន្លែងច្រកចូល និងចេញនៅក្នុងហាង
* ដាក់ផ្លាកសញ្ញាលើកៅអី ឬលាតកៅអី ឲ្យមានគម្លាតយ៉ាងតិច ១ម៉ែត្រកន្លះ រវាងភ្ញៀវម្នាក់ និងភ្ញៀវម្នាក់ទៀត
* បើកបង្អួច និងវាំងននហាង ឲ្យមានខ្យល់ចេញចូលល្អ កុំបើកម៉ាស៉ីនត្រជាក់
* លាងសម្អាតចាន ស្លាបព្រា សម កាំបិត សម្ភារប្រើប្រាស់ កម្រាលតុ និងធ្វើការសម្អាតឲ្យបានត្រឹមត្រូវ
* ចំពោះអាហារប៊ូហ្វេ ត្រូវប្តូរឧបករណ៍ចាប់អាហារឲ្យបានញឹកញាប់ និងត្រូវសម្អាតកន្លែងដាក់ម្ហូបជានិច្ច បន្ទាប់ពីបានប្រើរួច
* ជូតសម្អាតម៉ាស៉ីនឆុងកាហ្វេ និងម៉ាស៉ីនភេសជ្ជៈញឹកញាប់ បន្ទាប់ពីភ្ញៀវម្នាក់ៗប្រើរួច
* ជូតសម្អាតអនាម័យផ្ទះបាយ និងសម្ភារធ្វើម្ហូបឲ្យបានញឹកញាប់
* និងចម្អិនអាហារឲ្យបានឆ្អិនល្អ។

ព័ត៌មានបន្ថែម សូមទាក់ទងទៅទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ៕

សូមទស្សនាវីដេអូខាងក្រោម៖