(ភ្នំពេញ)៖ ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ រយៈពេល១២ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី០១ ដល់១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានផាកពិន័យយានយន្តប្រមាណជាង២ម៉ឺនគ្រឿង ដែលក្នុងនោះមានម៉ូតូជាង១.៥ម៉ឺនគ្រឿង និងយានយន្តជាង៥ពាន់គ្រឿង។
នេះបើតាមនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
ដោយឡែក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសជាង១២០០គ្រឿង ក្នុងនោះមានម៉ូតូ ៨៩០គ្រឿង និងរថយន្ត ៣២៤គ្រឿង។
បើតាម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្ដីពី «ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក» នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រូវអនុវត្តជារៀងរហូត ព្រោះរាជរដ្ឋាភិបាលកំណត់យក ឆ្នាំ២០២០ គឺជាឆ្នាំនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍។ នាយឧត្តមសេនីយ៍បញ្ជាក់ថា ក្រោយរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក៏មានការថយចុះផងដែរ។
បើតាមនាយឧត្តមសេនីយ៍, ក្នុងចំណោមអំពើល្មើសទាំងអស់នេះ មានមិនពាក់មួកសុវត្ថិភាពជាង៧៩ភាគរយ, អត់ផ្លាកលេខ១០ភាគរយ, ល្មើសភ្លើងសញ្ញា ផ្លាកសញ្ញា៨ភាគរយ, ដឹកលើសចំណុះ និងស្រវឹង២ភាគរយ។ ដោយឡែក រថយន្ដមិនពាក់ខ្សែក្រវ៉ាត៤៨ភាគរយ, ល្បឿន២៦ភាគរយ, ល្មើសសញ្ញា៦ភាគរយ, ដឹកលើចំណុះ៦ភាគរយ, ទូរស័ព្ទ៦ភាគរយ, គ្មានបណ្ណបើកបរ៤ភាគរយ, អត់ផ្លាកលេខ និងស្រវឹង៣ភាគរយ។
រហូតដល់ពេលនេះ មានយានយន្ដនៅកម្ពុជា មកចុះបញ្ជីទាំងអស់ប្រហែលជា៦លានគ្រឿង។ បន្ថែមពីនេះ មានរថយន្ដ៤០ភាគរយប៉ុណ្ណោះ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ខណៈមាន៦០ភាគរយ មិនមកឆៀកឡើយ។ នេះបើតាម អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឈួន វ៉ន់៕