(បាត់ដំបង)៖ «សមត្ថកិច្ចជំនាញបង្រ្កាបករណីជួញដូរ គ្រឿងញៀនបានតែតូចៗ ប៉ុន្តែករណីធំៗ ម៉េចក៏បង្ក្រាបមិនសូវបាន? អាថ្នាំញៀនហ្នឹង តើវាធ្លាក់ពីមេឃ ឬយ៉ាងណា?» នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ ទទួលទិសភូមិភាគទី៤ និងទី៥ នៅសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តី នគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង នៅមហោស្រព ស្ទឹងសង្កែចំនួន៥២៩នាក់ ក្នុងនោះស្រី៣៤នាក់។

ពិធីនេះក៏មានការ អញ្ជើញចូលរួមពី សំណាក់លោក ច័ន្ទ សុផល អភិបាលខេត្ត លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត លោក នួន សាន ព្រះរាជអាជ្ញា លោកឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការរង យោធភូមិភាគទី៥ លោក ស ថេត ស្នងការនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធចំនួន៧០២នាក់។

លោក ច័ន្ទ សុផល បានប្រាប់ទៅមន្រ្តី នគរបាលទើបទទួលស័ក្តិទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត បម្រើប្រជាពលរដ្ឋតាមជំនាញរៀងៗខ្លួនឲ្យបានល្អ ដោយរដ្ឋបាលខេត្ត រួមសហការជាមួយទាំងអស់គ្នាដើម្បី សេចក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយើង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ គឺភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល ដែលទើបបានតែងតាំងថ្មី ត្រូវខិតខំធ្វើការបម្រើអង្គភាពឲ្យបានល្អ ពិសេសបម្រើសេវាសាធារណៈ សន្តិសុខជូនប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពឲ្យបានល្អ ព្រោះកងកម្លាំងនគរបាលគឺ ជាអ្នកបម្រើការពារប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយ ប្រជាពលរដ្ឋនោះទេ។ នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា បច្ចុប្បន្នថ្នាំញៀន បានវាយលុកចូលតាមបណ្តា ភូមិឃុំស្ទើរតែគ្រប់កន្លែង ទៅលើស្រទាប់យុវវ័យភាគច្រើន។

លោកបានថ្លែងពីករណីប្លន់ប្រដាប់អាវុធកន្លងមក ក៏ដូចជាពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចយើងត្រូវសហការគ្នាបន្តតាមចាប់ជនល្មើសយកមកដាក់ទោសឲ្យបាន ខណៈពេលកន្លងមក ទោះសមត្ថកិច្ចចាប់ខ្លួន បានជនដៃដល់ មួយចំនួនក៏ដោយ ហើយសំណូមពរដល់ស្ថាប័នតុលាការផងដែរ មេត្តាពិនិត្យផងមុន និងដោះលែងជនឧក្រិដ្ឋដែលត្រូវដល់ឆ្នាំលែង គឺមិនគួរលែងទេ ព្រោះពួកនេះ ពេលចេញពីគុកមិនរាងចាលទេ វាដើរធ្វើសកម្មភាពឆក់ ប្លន់ ប្រជាពលរដ្ឋ តាមអំពើចិត្តធ្វើឲ្យ ប្រជាពលរដ្ឋមានការភ័យខ្លាច និងធ្វើឲ្យសមត្ថកិច្ចយើង ឈឺក្បាលវិលមុខដោយសារតែពួកក្រុមឧក្រិដ្ឋជនទាំងនេះ។

នាឱកាសនោះ លោកបានផ្តល់ថវិកាដល់ អ្នកចូលរួមក្នុងកម្មវិធីទាំង៧០២នាក់ ក្នុងម្នាក់ៗ ទទួលបាន១០ម៉ឺនរៀល និងជប់លៀងអាហារសាមគ្គីពេលល្ងាច ជូនកងកម្លាំងទាំងអស់ផងដែរ៕