(ភ្នំពេញ)៖ ផ្សារគីឡូម៉ែត្រលេខ៧ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែលមិនមានរបៀបរៀបរយនោះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ចាប់ផ្ដើមមានសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពល្អប្រសើរឡើងវិញហើយ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋ ក្រោមការចុះរៀបចំដោយក្រុមការងារគណៈបញ្ជាការ ឯកភាពសង្កាត់-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បន្ទាប់ពីទទួលបានការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមការបញ្ជាក់របស់លោក ជា ពិសី ចំពោះវិធានការរបស់គណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ នៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ក៏ដូចជាការរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋនេះ គឺបានអនុវត្តឡើងជាបន្តបន្ទាប់ ទៅតាមផែនការរួមមួយ របស់សាលារាជធានីភ្នំពេញ ក្នុងយុទ្ធនាការបន្តរំដោះចំណីចិញ្ចើមផ្លូវ ពីក្រុមអាជីវករ ដែលបានដាក់តាំងសម្ភារ ទំនិញផ្សេងៗ រំលោភចូលចំណីចិញ្ចើមផ្លូវសាធារណៈ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី សូមឲ្យប្រជាពលរដ្ឋចូលរួមសហការគោរពច្បាប់ ទាំងអស់គ្នា ដោយមិនអនុញ្ញាតឲ្យមានការដាក់តាំង របស់របរផ្សេងៗ លើចិញ្ចើមផ្លូវដាច់ខាត ក្នុងនោះត្រូវទុក១ភាគ៣ នៃចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ ដោយយោងតាមស្ថានភាពចរាចរនៅតាមដងផ្លូវ មានការមមាញឹកខ្លាំង ដែលអាចប្រឈមគ្រោះថ្នាក់ ចរាចរណ៍ជាដើម ដោយសារតែប្រជាអាជីវករមួយចំនួន បានដាក់តាំងទំនិញ ឬសម្ភារផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួន រំលោភលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម៕