(ភ្នំពេញ)៖ «មូលនិធិសុងឈីងលីង» របស់ប្រទេសចិន ផលិតវីដេអូមួយបង្ហាញលំហបេះដូងរបស់ពលរដ្ឋចិន ពោរពេញដោយក្តីដឹងគុណ និងគោរពយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ក្តីស្រឡាញ់ ផ្តល់ភាពកក់ក្តៅ ចំពោះប្រទេស និងប្រជាជនចិន ដោយបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលចិនរាតត្បាតដោយជំងឺកូវីដ១៩ កាលពីខែកុម្ភៈកន្លងទៅ។
ក្នុងវីដេអូជាគំនូរជីវចលនេះ បានរំលេចផងដែរថា តបនឹងបេះដូងមហាសាលរបស់សម្តេចតេជោ ក្នុងនាមជាមិត្តដ៏ពិតប្រាកដរបស់ប្រទេសចិន និងពលរដ្ឋចិននេះ ពលរដ្ឋចិននឹងអញ្ជើញមកលេងកម្ពុជា ក្រោយពេលជំងឺកូវីដ១៩រលាយរលត់ទៅ។
ក្នុងវីដេអូនេះក៏បានរំលេចនូវសារជូនពររបស់ពលរដ្ឋចិន ឱ្យកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដោយជោគជ័យផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនោះ ក្នុងពេលចិន កំពុងរងការរាតត្បាតខ្លាំងដោយជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅប្រទេសចិន ចំពេលនៃការរាតត្បាតជំងឺកូវីដ១៩ និងកំពុងមានការធ្លាក់ព្រឹលយ៉ាងខ្លាំងនោះ បានធ្វើឱ្យពលរដ្ឋចិនស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះបេះដូងពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោចំពោះប្រទេស និងប្រជាជនចិន។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា គឺជាថាមពលដ៏ធំធេងសម្រាប់លើកកម្លាំងចិត្តឱ្យថ្នាក់ដឹកនាំ និងប្រជាជនចិន ប្រឹងប្រែងប្រយុទ្ធនឹងជំងឺកូវីដ១៩។
ខាងក្រោម ជាខ្លឹមសារទាំងស្រុងដែលស្រង់ចេញពីក្នុងវីដេអូគំនូជីវចលនេះ៖
សំបុត្រ មួយច្បាប់ជូនចំពោះមិត្តភក្តិកម្ពុជា
មិត្តជាទីស្រឡាញ់៖ ខ្ញុំ គឺជាសិស្សបឋមសិក្សាម្នាក់នៅទីក្រុងប៉េកាំង ប្រទេសចិន ថ្វីត្បិតពួកយើងនៅឆ្ងាយពីគ្នាជាង ៣,៣០០គីឡូម៉ែត្រ មិនដែលបានជួបមុខគ្នាសោះ។ ប៉ុន្តែជំងឺរាតត្បាតលើកនេះ បែរបាននាំពួកយើងឱ្យភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ នៅខែកុម្ភៈ ឆ្នាំនេះ នៅពេលដែលជំងឺនេះ បានផ្ទុះឡើងនៅប្រទេសចិន លោកតា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមកដល់ទីក្រុងប៉េកាំង បង្ហាញនូវការសួរសុខទុក្ខ និងគាំទ្រដល់ប្រទេសខ្ញុំ ខ្ញុំពិតជាទទួលនូវអារម្មណ៍កក់ក្តៅណាស់។
ជឿថានេះ គឺជាអ្វីដែលពួកយើងតែងតែនិយាយនោះ «ជួបមិត្តពិត ក្នុងគ្រាមានអាសន្ន» នៅពេលដែលប្រទេសកម្ពុជា ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ក្រុមលោកពូអ្នកមីង ជំនាញលើការការពារ និងព្យាបាលជំងឺរបស់ប្រទេសចិន បានមកដល់រាជធានីភ្នំពេញ ដោយនាំទៅជាមួយនូវសម្ភារការពារជំងឺ ដែលចាំបាច់សម្រាប់អ្នកទាំងអស់គ្នា។ លោកប៉ា អ្នកម៉ាក់ បានប្រាប់ខ្ញុំថា ទាំងនោះ គឺជាក្រុមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតទីមួយ ដែលប្រទេសខ្ញុំ បានបញ្ជូនទៅប្រទេសជាសមាជិកអាស៊ាន។
ខ្ញុំជឿជាក់ថា ក្រោមការប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសចិន និងប្រទេសកម្ពុជា។ ពួកយើងប្រាកដជាអាចយកឈ្នះជំងឺនេះ ពេលដ៏ខ្លីខាងមុខនេះ។ អាកាសធាតុនៅទីក្រុងប៉េកាំងពេលនេះ មិនក្តៅក៏មិនត្រជាក់ គឺរដូវផ្ការីកដ៏ស្រស់បំព្រង ខ្ញុំទើបតែបានចូលក្នុងអ៉ីនធើណេត ឆែកមើលឃើញថា ពេលនេះនៅកម្ពុជាជារដូវវស្សា អាកាសធាតុក្តៅខុសពីធម្មតា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺច្បាស់ជានឿយហត់ណាស់ហើយមែនទេ? ពួកយើងសុទ្ធតែជាកូនក្មេងដែលដឹងខុសត្រូវ ត្រូវចេះយកចំណេះដឹងផ្នែកវិទ្យាសាស្ត្រមកការពារខ្លួនឯង។
សូមព្យាយាមជាមួយគ្នា យកជ័យជម្នះលើជំងឺដ៏កាចសាហាវនេះ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដល់ពេលនោះ ខ្ញុំចង់ទៅទស្សនាប្រាសាទអង្គរវត្ត ដែលមានឈ្មោះល្បីល្បាញលើសកលលោកម្តង ហើយក៏សូមស្វាគមន៍អ្នកទាំងអស់មកទស្សនាមហាកំពែងប្រទេសចិនដែរ៕