(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានទទួលអំណោយជាថ្នាំសម្លាប់មេរោគ ជាង៣ពាន់ដប គិតជាទឹកប្រាក់ជាង៨ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុន Xiangbei welman pharmacciuticals Co.,Ltd។
ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅនៅក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុន Xiangbei welman pharmacciuticals Co.,Ltd បានចូលរួមជាមួយដល់រាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ឱ្យបានកាន់តែឆាប់រហ័ស។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ជំនួយមនុស្សធម៌នេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ៕