(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមអបអរសាទរ និងផ្តល់តម្លៃខ្ពស់ចំពោះ និស្សិតឆ្នើម គុជ ជុនបូរ៉ាមី ដែលទទួលបានអាហារូបករណ៍ពេញថ្លៃ សម្រាប់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។
ក្នុងនាមជានិស្សិតឆ្នើមមួយរូប កញ្ញា បូរ៉ាមី នឹងបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកកិច្ចការអន្តរជាតិពី AUPP នៅចុងខែឧសភាឆ្នាំ ២០២០នេះ។ កញ្ញាគឺជាសិស្សពូកែម្នាក់ដែលមានការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សា និងកិច្ចការសង្គម ។
បូរ៉ាមីបានថ្លែងក្នុងកិច្ចសម្ភាសន៍ online ថា «នាងខ្ញុំមានសេចក្តីរីករាយ និង សូមអរគុណសម្រាប់ឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិនៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ (LKY SPP) ។ ការដែលមើលឃើញមនុស្សនៅជុំវិញខ្ញុំឆ្លងកាត់ការលំបាកដែលបណ្តាលមកពីភាពក្រីក្រ និងកង្វះការអប់រំ បានជម្រុញឲ្យខ្ញុំមានការប្តេជ្ញាចិត្តក្នុងការបង្កើតនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ និងប្រទេសរបស់ខ្ញុំ»។
កញ្ញាបានបន្ថែមទៀតថា «ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅកន្លងទៅនេះ ខ្ញុំបានស្ម័គ្រចិត្តជាគ្រូបង្រៀនភាសាអង់គ្លេសនៅតាមជនបទនៃប្រទេសកម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់អង្គការក្រៅរដ្ឋាភិបាលតូចមួយ ដែលជាកន្លែងដែលខ្ញុំអាចទទួលបានរូបភាពច្បាស់មួយពីការអប់រំនៅក្នុងសហគមន៍ជនបទ ជាពិសេសបញ្ហាដែលកើតមាននៅក្នុងសហគមន៍ទាំងនោះ»។
បូរ៉ាមី បន្តទៀតថា «នោះក៏ជាពេលដែលខ្ញុំចាប់ផ្តើមពង្រីកចំណាប់អារម្មណ៍របស់ខ្ញុំក្នុងការអភិវឌ្ឍជនបទ ក្រៅពីការអប់រំ។ ដូច្នេះខ្ញុំមានគោលបំណងប្រើប្រាស់ជំនាញសិក្សារបស់ខ្ញុំនៅក្នុងផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គមនៅអាស៊ី ។ នាងខ្ញុំសង្ឃឹមថានឹងអាចដើរតួនាទីតូចមួយក្នុងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានដល់សង្គមផ្តោតទៅលើបញ្ហាភាពក្រីក្រ ការអប់រំ និងការអភិវឌ្ឍជនបទនៅកម្ពុជា»។
បូរ៉ាមី បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណដល់ AUPP ជាសាកលវិទ្យាល័យដ៏ល្បីផ្នែកគុណភាពអប់រំនៅកម្ពុជា និង នៅក្នុងតំបន់ ដែលធ្វើឲ្យការសិក្សា
របស់នាងទទួលបានជោគជ័យ និង អាចបន្តបានការសិក្សារបន្ថែមនៅ National University of Singapore ។
NUS ជាសាកលវិទ្យាល័យអន្តរជាតិលំដាប់ទី១ នៅសិង្ហបុរី និង ជាសាកលវិទ្យាល័យមួយនៃសាកលវិទ្យាល័យល្បីៗទាំង ១០ នៅលើពិភពលោក៕