(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំលោក-លោកស្រីជាសហការី ដើម្បីចូលរួមក្នុងពិធីទទួល ទេយ្យទានមាន ជាគ្រឿងឧបភោគបរិភោគ សម្ភារមួយចំនួនធំ ពីព្រះទីបធម្មោ ម៉ុក ប៊ុនសុធា ព្រះសមុហ៍ អនុគណខណ្ឌ និងជាចៅអធិការ វត្តឧត្តរាវត្តី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីយកមករក្សាត្រៀមទុក បង្កាបន្តចែកជូនជួយសង្គ្រោះ តាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះទីបធម្មោ ម៉ុក ប៊ុនសុធា ព្រះសមុហ៍ អនុគណខណ្ឌ និងជាចៅអធិការ វត្តឧត្តរាវត្តី ដែលបានផ្ដល់ជូននូវវប្បធម៌ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ»។
លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានថ្លែងទៀតថា លោកនឹងសន្យាបន្តពាំនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យទាំងនេះ ដើម្បីបន្តចែក ជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យតែជាពលរដ្ឋងាយរងគ្រោះ ក្នុងការចូលរួមលើក កម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា៕