(បាត់ដំបង)៖ ថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងទាំងអស់មិនត្រូវនៅពី ក្រោយរាល់បទល្មើសទាំងអស់ជាដាច់ខាត ដើម្បីរក្សាតម្លៃជាកងកម្លាំងនគរបាលរបស់ជាតិ។
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មីនេះលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ជាស្នងការរងថ្មីទទួលផែព្រហ្មទណ្ឌ ជំនួសលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងចាស់ដែលត្រូវបាន ចូលនិវត្តន៍ និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលមួយចំនួនទៀត។
បន្ទាប់ពីអំណានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងរួចមក លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ក៏បានដាក់បទបញ្ជារសំខាន់ៗ ដល់កងកម្លាំងនគរបាលខេត្តបាត់ដំបង ត្រូវពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងបានល្អ អនុវត្តការងារតាមជំនាញរបស់ខ្លួន គ្រប់មូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងទប់ស្កាត់ បង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទកុំឲ្យកើតមានឡើងបន្តទៀត និងហាមដាច់ខាត មិនត្រូវនៅពីក្រោយរាល់បទល្មើសទាំងអស់ ដើម្បីរក្សាតម្លៃជាកងនគរបាលរបស់ជាតិជាទីទុកចិត្តរបស់ប្រជាពលរដ្ឋផងដែរ។
លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានកោតសរសើរដល់កងកម្លាំងនគរបាលទាំងអស់ក្នុងខេត្ត ដែលតែងបានបំរើប្រជាពលរដ្ឋបានល្អប្រសើរ ទៅតាមជំនាញ របស់ខ្លួនពិសេសស្នាដៃរបស់ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ដែលបានខិតខំប្រឹងប្រែងធ្វើការងារជំនាញរបស់ខ្លួន និងទប់ទល់សភាពការណ៍ផ្សេងដែលកើតមាន ឡើងនៅក្នុងខេត្តគឺការងារព្រហ្មទណ្ឌ ហើយលោកស្នងការរងថ្មីគួររៀនសូត្រពីរៀមច្បង ដើម្បីអនុវត្តការងារទៅថ្ងៃមុខឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕