(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហោះសារតាម Facebook ផ្លូវការរបស់ខ្លួន ដោយជំរុញឲ្យសមត្ថកិច្ចត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដល់សមត្ថកិច្ចអនុវត្តន៍ នូវសារអប់រំសំខាន់ៗចំនួន៣ចំណុចរួមមាន៖
១៖ សមត្ថកិច្ចទាំងអស់ នៅពេលដែលបើកបរម៉ូតូ ត្រូវតែមានស្លាកលេខ ត្រូវតែពាក់មួកសុវត្ថិភាព និងមិនត្រូវនិយាយទូរស័ព្ទក្នុងពេលបើកបរ
២៖ ចំពោះសមត្ថកិច្ចដែលបើកបរ រថយន្ត ត្រូវមានស្លាកលេខ ត្រូវពាក់ខ្សែក្រវាត់ និងមិនត្រូវនិយាយទូរស័ព្ទ ក្នុងពេលបើកបរ
៣៖ ក្នុងករណីដែលសមត្ថកិច្ច បើកបរល្មើសច្បាប់ចរាចរណ៍ នឹងត្រូវផាកពិន័យតាមច្បាប់ស្មើភាព ជាមួយប្រជាពលរដ្ឋទូទៅ។
សូមជម្រាបថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសយកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ជាថ្ងៃចាប់ផ្តើមរឹតបន្តឹងអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការផាកពិន័យទឹកប្រាក់ច្រើន ចំពោះអ្នកល្មើស និងបំពានច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ រយៈពេល១២ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី០១ ដល់១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានផាកពិន័យយានយន្ត ប្រមាណជាង២ម៉ឺនគ្រឿង ដែលក្នុងនោះ មានម៉ូតូជាង១.៥ម៉ឺនគ្រឿង និងយានយន្តជាង៥ពាន់គ្រឿង៕