(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្ត បានដឹកនាំកិច្ចជុំគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីទុកសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយផ្សេងៗ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា បានទទួល អំណោយមនុស្សធម៌ពីសប្បុរសជន ដែលចូលរួមវិភាគទានជួយទ្រទ្រង់ដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
ក្នុងឱកាសនោះដែរសំណាងឱ្យលោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងក្នុងនាមប្រធានគណៈកម្មាធិការសាខា លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ អស់លោក លោក ស្រី លោកឧកញ៉ា និងក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្តទាំង អស់ ដែលបានចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ៕