(ស្វាយរៀង)៖ ចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មានរថយន្តតូចធំ ប្រមាណ៩៥១គ្រឿង ដែលប្រជាពលរដ្ឋ ជាម្ចាស់រថយន្ត បាននាំគ្នាសម្រុក នាំយកមកធ្វើឆៀកយ៉ាងច្រើនបន្តកន្ទុយគ្នា នៅក្រុងស្វាយរៀង ខណៈដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។
បើតាមលោក ព្រំ ផូ ប្រធានការិយាល័យបច្ចេកទេសយានយន្ត នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានឲ្យដឹងថា មកដល់ល្ងាចថ្ងៃទី១២ ខែឧសភា មានយានយន្តតូចធំ ដែលបានត្រួតពិនិត្យបច្ចេកទេស (ឆៀក) រួចចំនួន៩៥១គ្រឿង។ ដោយយានយន្ត ដែលមកពិនិត្យបច្ចេកទេសនេះ គឺមានមក ពីខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ក្នុង១ថ្ងៃ ជាមធ្យមត្រួតពិនិត្យ បានចាប់ពី៨០គ្រឿង ទៅ១២០គ្រឿង បើប្រព័ន្ធគ្រប់គ្រងគ្មានបញ្ហា។
លោកបានបញ្ជាក់ថា រថយន្តនៅតែសម្រុក មកធ្វើឆៀកច្រើននៅឡើយ ទើបសម្រេចនៅត្រួតពិនិត្យបច្ចេកទេសយានយន្តនេះ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ទើបបញ្ចប់នៅខេត្តស្វាយរៀង។ នៅថ្ងៃទី១៦ ខែឧសភា ត្រូវដាក់ស្ថានីណ៍ត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅខេត្តស្វាយរៀង ថែមមួយថ្ងៃទៀត និងបន្តទៅត្រួតពិនិត្យនៅខេត្តត្បូងឃ្មុំ មួយសប្តាហ៍ផងដែរ៕